មៀជ គង់៖ ជីវិតឆ្លងកាត់របបខ្មែរក្រហម

(ខេត្តស្វាយរៀង) មៀជ គង់ អាយុ ៨៣ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គង់ មានឪពុកឈ្មោះ ស កាវ និងម្តាយឈ្មោះ យីន។ កាលពីកុមារភាព គង់ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។

គង់ បានរៀបរាប់ថា រឿងរ៉ាវដែលគាត់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការបានជម្លៀសគាត់ទៅរស់នៅតំបន់អូរតាប៉ោង ខេត្តពោធិ៍សាត់ ហើយបានបង្ខំឱ្យធ្វើការងារយ៉ាងលំបាកវេទនា និងទទួលបានអាហារមិនគ្រប់គ្រាន់។ គង់ ក៏ត្រូវបែកបាក់ពីបងប្អូន និងឪពុកម្តាយ ដោយម្តាយត្រូវបានបញ្ជូនឱ្យទៅរស់នៅកន្លែងផ្សេង ចំណែកគាត់ត្រូវរស់នៅកន្លែងកងចល័តនារិ។ នៅអូរតាប៉ោង គង់ ធ្លាប់បានឃើញឈ្លបប​បណ្តើរជនរងគ្រោះយកទៅសម្លាប់ ហើយក្រោយមកគាត់បានឃើញសាកសពដែលត្រូវបានគេយកសំរាមដុត។ គង់ មិនបានដឹងថាសាកសពទាំងនោះ​​ជាប្រជាជនមកពីណានោះទេ។ ក្នុងរបខ្មែរក្រហម ប្តីរបស់គង់ បានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ នៅខេត្តពោធិ៍សាត់ គង់ ទទួលបានរបប​អាហារបន្តិចបន្តួច ហើយនៅពេលខ្លះគាត់ត្រូវដើររកជីកដំឡូងយកមកស្ងោរហូប ដើម្បីចម្អែតក្រពះ ដោយមិនឱ្យអង្គការដឹង។ គង់ ក៏ធ្លាប់ឃើញ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងការបំផ្លិចបំផ្លាញវត្តអារាម និងការវាយកម្ទេចព្រះពុទ្ធរូបយកទៅបោះចោលពាសពេញដី។ ក្រោយពីរបប​ខ្មែរក្រហមដួលរលំ គង់ បានធ្វើដំណើរត្រឡប់ពីខេត្តពោធិ៍សាត់ មករស់នៅស្រុកកំណើតវិញ។

បច្ចុប្បន្ន គង់ មានបញ្ហាសុខភាពមួយចំនួន រួមមាន ស្ពឹកស្រពន់ខ្លួនប្រាណ សម្រាន្តមិនលក់ ឈឺជង្គង់ និងឈឺសន្លាក់ដៃជើង៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin