ខាន់ ឃាន៖ ខ្ញុំនៅមើលថែប្អូននៅផ្ទះ

ខាន់ ឃាន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ ខាន់ ឃាន ភេទស្រី មានអាយុ៥៣ឆ្នាំ។ ឃាន មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឃាន មានឪពុកឈ្មោះ សួន ខាន់ និងម្ដាយឈ្មោះ មាន ឆាយ។ ឃាន មានប្តីឈ្មោះ តេក អិប និងមានកូនស្រីម្នាក់ឈ្មោះ អិប ភាព។

នៅវ័យកុមារ ឃាន មិនបានរៀនសូត្រនោះទេ។ នៅរបប លន់ នល់ គ្រួសាររបស់ឃាន បានជីកលេណដ្ឋាន និងលាក់ពួនក្នុងលេណដ្ឋាននៅពេលថ្ងៃ ដោយសារការទម្លាក់គ្រាប់បែក។ នៅពេលយប់ ទើបគ្រួសាររបស់ឃានចម្អិនអាហារហូប។ ឃាន និយាយថា គ្រាប់បែកធ្លាក់ចំផ្ទះរបស់តាឈីវ ដែលបណ្ដាលឲ្យគាត់ស្លាប់។ ក្រោយមក គ្រួសាររបស់ឃានត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិរបស់គាត់ទៅរស់នៅក្នុងសហករណ៍។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចបានចាត់ទុកគ្រួសាររបស់ឃានជាប្រជាជនចាស់។ ឪពុកម្ដាយរបស់ឃាន ត្រូវធ្វើការរួម និងហូបរួម។ ឃាន ដែលកាលនោះមានវ័យក្រោម១០ឆ្នាំ មិនបានទៅធ្វើការនោះទេ និងត្រូវនៅផ្ទះមើលថែប្អូនរបស់គាត់ដែលមានជំងឺទាច។ នៅពេលឮស្នូរសំឡេងជួង ឃាន ត្រូវប្រញាប់ទៅរោងបាយ ហើយគាត់ទទួលបានបបរមួយវែកសម្រាប់ហូបក្នុងមួយពេល។ ឃាន និយាយថា គ្មានអំបិលហូបនោះទេ មានតែស្លឹកដំឡូង, ដើមល្ហុង, ដើមចេក, ច្រាច់ និងក្តួចប៉ុណ្ណោះ។ ស្រូវស្ទើរទាំងអស់ត្រូវខ្មែរក្រហមប្រមូលនិងដឹកជញ្ជូនចេញពីសហករណ៍។ ឪពុកម្ដាយរបស់ឃាន បានកើតជំងឺហើម ដោយសារហូបចុកមិនគ្រប់គ្រាន់ និងធ្វើការហួសកម្លាំង។ នៅពេល ឪពុកម្ដាយរបស់ឃានទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់ឃានបានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ នៅអាយុ៣៥ឆ្នាំ ឃាន បានកើតជំងឺតម្រងនោម និងសម្រាកនៅផ្ទះតាំងពីពេលនោះមក៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin