អង្គការសម្លាប់មនុស្សនៅចំពោះមុខប្រជាជនដើម្បីគំរាម

នូ អ៊ុន អាយុ៦១ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អ៊ុន មានអាយុប្រមាណ១៥ឆ្នាំ។ អ៊ុន បានចូលក្នុងក្រុមកងចល័តយុវជនឃុំ និងចេញទៅធ្វើស្រែ ស្ទូង ដក ច្រូត លើកប្រព័ន្ធភ្លឺស្រែ ជាន់រហាត់ទឹក និងលើកទំនប់ជីកប្រឡាយ តាមអង្គការចាត់តាំង។ ក្រៅពីការងារខាងលើ ក្រុមរបស់អ៊ុន ត្រូវបានបញ្ជូលទៅក្នុងកងហា និងកងរយ ដែលមានយុវជនជាច្រើនរយនាក់សម្រាប់ធ្វើការ ជីកព្រែក និងលើកទំនប់កោះព្នៅ។

នៅការដ្ឋានការងារ អ៊ុន និងយុវជនទាំងអស់ត្រូវធ្វើការពេញមួយថ្ងៃ និងបានសម្រាកប្រមាណកន្លះម៉ោងនៅពេលហូបអាហារថ្ងៃត្រង់។ នៅពេលដែលមានអ្នកប្រព្រឹត្តិកំហុសបន្តិចបន្តួច អ៊ុន បានឃើញអង្គការកសាង និងបញ្ជូនអ្នកទោសចេញទៅបាត់អស់ជាច្រើននាក់។​ អ៊ុន គិតថាអ្នកដែលអង្គការបណ្ដើរចេញទៅ គឺយកទៅសម្លាប់បាត់ទៅហើយ។

នៅចុងឆ្នាំ១៩៧៨ អំឡុងពេល អ៊ុន ដើរត្រលប់មកពីធ្វើការវិញ គាត់បានឃើញកម្មាភិបាលខ្មែរក្រហមមួយក្រុមដែលមានអាយុប្រមាណជិត៦០ឆ្នាំ ចោទប្រកាន់មនុស្សចំនួន៥នាក់ថាជាគិញស៊ើបការណ៍ និងមានកាំភ្លើងនៅក្នុងដៃ។ នៅពេលចាប់ខ្លួនបាន កងឈ្លបបានយកកាំភ្លើងមកភ្ជង់ រួចយកដំបង បំពង់សង្កែ និងដើមឬស្សី មកវាយសម្លាប់មនុស្សទាំង៥នាក់នោះភ្លាមៗនៅមុខប្រជាជន ព្រោះចង់គំរាមអ្នកនៅទីនោះទាំងអស់។ ក្នុងចំណោមអ្នកស្លាប់ អ៊ុន បានស្គាល់ថាមានបងប្អូនជីដូនមួយ២នាក់ គាត់ និងប្រជាជនទាំងអស់ មិនហ៊ានធ្វើការប្រឆាំងតវ៉ា ឬសួរនាំអ្វីទេ ព្រោះខ្លាចអង្គការសម្លាប់ខ្លួនបន្តទៀត។ បន្ទាប់មក អង្គការបានចាត់តាំងអ្នកនៅក្បែរនោះឲ្យកាប់រណ្ដៅ រួចអូសយកសាកសពទៅកប់ចោលទាំងអស់។

ក្រោយរបបខ្មែរក្រហម អ៊ុន បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តឲ្យមានតុលាការកាត់ទោសនេះ និងចង់ឲ្យមេដឹកនាំខ្មែរក្រហមទទួលទោសស្លាប់ទើបសាកសមបំផុត ព្រោះអង្គការបានធ្វើបាបប្រជាជនខ្លាំងណាស់ ដោយឲ្យធ្វើការងារធ្ងន់ៗពេញមួយថ្ងៃ ប៉ុន្តែទទួលបានរបបអាហារបន្តិចបន្តួច។ អ៊ុន បានបន្ថែមថា គាត់មានការស្អប់ខ្មែរក្រហមខ្លាំងណាស់ ព្រោះមនុស្សទាំងអស់អាចរស់នៅបានដោយសារការហូបអាហារ ហើយហេតុអ្វីត្រូវបង្អត់បាយប្រជាជនបើធ្វើស្រូវបានទិន្នផលយ៉ាងច្រើន។

សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin