ប្អូនស្រីរបស់ខ្ញុំស្លាប់ភ្លាមៗបន្ទាប់ពីចាក់ថ្នាំគ្រុនចាញ់

(ត្បូងឃ្មុំ) ខិត ភីម អាយុ៧៦ឆ្នាំ និងមានទីកន្លែងកំណើតរស់នៅក្នុងភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងរបបខ្មែរក្រហម ភីម ត្រូវប្រឈមមុខនឹងការបាត់បង់សមាជិកគ្រួសារ ការបង្ខិតបង្ខំឱ្យធ្វើការងារជាទម្ងន់ និងការរស់នៅក្រោមភាពអត់ឃ្លាន។ រាល់សកម្មភាពប្រចាំថ្ងៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ការហូបចុកត្រូវបានរៀបចំឡើងជាសមូហភាពនៅក្នុងរោងបាយរួម។ អាហារប្រចាំថ្ងៃមិនមានអ្វីក្រៅពីបបររាវលាយឡំជាមួយត្រកួន និងដើមចេកហាន់ស្តើងៗ។ ការហូបចុកមិនគ្រប់គ្រាន់បានធ្វើឱ្យកម្លាំងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការងារនៅតែតម្រូវឱ្យធ្វើជាប្រចាំគ្មានការលើកលែង។
ការងារទាំងនោះរួមមានជីកប្រឡាយ លើកទំនប់ រែកដី និងកាប់ព្រៃនៅតំបន់ដាច់ស្រយាល។ នៅក្នុងរបបខ្មែរក្រហម អង្គការបាន់ចាត់តាំងឱ្យប្រជាជនធ្វើការងារលើសកម្លាំង និងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ ហើយអ្វីដែលកាន់តែឈឺចាប់ថែមទៀតនោះការព្រាត់ប្រាស់សមាជិកគ្រួសារ។ ភីម បាននិយាយថា នៅក្នុងរបបនោះកុមារតូចៗត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើការងារក្នុងកងកុមារនៅតំបន់ផ្សេង ធ្វើឱ្យម្តាយមិនបានមើលថែទាំ ឬជួបមុខកូនបានញឹកញាប់ឡើយ។ លើសពីនោះប្តីរបស់ ភីម ត្រូវបានអង្គការនាំខ្លួនទៅបាត់រហូតមិនបានឃើញត្រឡប់មកវិញ។ ភីម បានបន្ថែមថាការហៅយកទៅនោះមានលេសថាឱ្យទៅជួយសង់ផ្ទះថ្មី ប៉ុន្តែការពិតគឺយកទៅសម្លាប់ចោល។
ភីម បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ការរស់នៅពោរពេញទៅនឹងភាពភ័យខ្លាច និងផ្លាស់ទីលំនៅជាបន្តបន្ទាប់ស្របតាមការចាត់តាំងរបស់អង្គការ។ ការផ្លាស់ទីនោះគឺជួបប្រទះតែការលំបាកជាច្រើន គ្មានជម្រកស្នាក់នៅត្រឹមត្រូវ គឺសម្រាកហាលភ្លៀង ហាលខ្យល់នៅក្រោមដើមឈើ។ នៅក្នុងកាលៈទេសៈដ៏សែនលំបាកនោះ ប្អូនស្រីបង្កើតរបស់ ភីម មានជំងឺគ្រុនចាញ់និងរាករូសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនមានថ្នាំព្យាបាលត្រឹមត្រូវឡើយ។ នៅពេលនោះពេទ្យប្រចាំភូមិបានយកសឺរ៉ាំងមកចាក់ថ្នាំឱ្យប្អូនស្រីរបស់គាត់ ប៉ុន្តែក្រោយពេលចាក់ថ្នាំនោះរួច ប្អូនស្រីគាត់បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ សាកសពប្អូនស្រីត្រូវបានយកទៅកប់ចោលក្នុងរណ្ដៅយ៉ាងប្រញាប់ប្រញាល់ មិនអនុញ្ញាតឱ្យមានការយំស្ដាយ ឬធ្វើបុណ្យទានតាមប្រពៃណីឡើយ។
បច្ចុប្បន្ន ភីម មានជំងឺស្ពឹកមួយចំហៀងខ្លួន។ ឆ្លងកាត់រឿងរ៉ាវដ៏សែនជូរចត់ទាំងអស់នេះ ភីម មិនចង់រំលឹកពីអតីតកាលនេះទៀតទេ ព្រោះវាគ្មានអ្វីក្រៅពីការឈឺចាប់។ ពេលវេលាកន្លងផុតទៅបានត្រឹមតែជួយឱ្យរាងកាយចាស់ជរា ប៉ុន្តែមិនអាចលុបលាងនូវស្លាកស្នាមសោកនាដកម្មនេះបានឡើយ៕
សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







