ដឿ អិស៖ ជិះកាណូតទៅដាំសណ្តែក

(សៀមរាប)៖ ដឿ អិស ភេទស្រី មានអាយុ៦៩ឆ្នាំ។ អិស មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អិស មានឪពុកឈ្មោះ ឡឹក ដឿ និងម្ដាយឈ្មោះ វ៉ាយ នៅ។ នៅវ័យកុមារ អិស មិនបានរៀនសូត្រនោះទេ។
នៅរបប លន់ នល់ គ្រួសាររបស់អិស បានជីកលេណដ្ឋាន ដើម្បីគេចពីការទម្លាក់គ្រាប់បែក ដែលតែងតែទម្លាក់នៅវេលាម៉ោង២ថ្ងៃ។ ក្រោយមក ខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិត្រាចទាំងអស់ទៅរស់នៅសហករណ៍វាលធំ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់ទុកគ្រួសាររបស់អិស ជាប្រជាជនចាស់។ នៅពេលនោះ បងប្រុសរបស់អិស ឈ្មោះ ដឿ គិញ ដែលខ្មែរក្រហមជម្លៀសចេញពីក្រុងសៀមរាប ត្រូវបានខ្មែរក្រហមដឹកយកទៅសម្លាប់។ អិស ត្រូវធ្វើការក្នុងកងកុមារ និងរស់នៅជាមួយគ្រូបង្រៀនអក្សរឈ្មោះ យាយជឹម។ កងរបស់អិស ត្រូវកាប់ទន្ទ្រានខេត្ត និងជីកអន្លង់ទំហំ៥ម៉ែត្របួនជ្រុង។ អិស ត្រូវប្រមូលទន្ទ្រានខេត្ត និងស្លឹកឈើទម្លាក់ចូលក្នុងអន្លង់នោះដើម្បីធ្វើជី។ រយៈពេលបីខែក្រោយមក បន្ទាប់ពីជីទាំងនោះរលួយនិងរួចរាល់សម្រាប់ប្រើប្រាស់ អិស ត្រូវយកជីទៅបាចដាក់វាលស្រែ។
បន្ទាប់មក ខ្មែរក្រហមចាត់តាំងឲ្យ អិស ធ្វើការក្នុងកងចល័ត។ អិស ត្រូវទៅរែកដី, លើកទំនប់, ជីកប្រឡាយ និងលើកភ្លឺស្រែនៅភូមិព្រែកជីក និងភូមិតាភោក។ អិស មានកូនចានមួយដាក់តាមខ្លួនជានិច្ច ទុកសម្រាប់ដាក់អាហារហូប។ ក្នុងមួយថ្ងៃ អិស ទទួលបានអាហារចំនួន២ពេល គឺនៅពេលថ្ងៃ និងពេលល្ងាច។ ក្នុងមួយពេល អិស ទទួលបានបបរលាយជាមួយដើមចេក និងក្ដួច។
នៅពេល អិស ត្រលប់មកសហករណ៍វិញ ទើបគាត់ទទួលបានការហូបចុកគ្រប់គ្រាន់។ ឪពុករបស់អិស បានដាំបបរលាយជាមួយដើមចេក, ត្រួយរនោង, ស្លឹកកន្ទ្រង់ដីស, ត្រឡោច, កូនត្រី និងប្រហុកឲ្យគាត់ហូប។ នៅពេលមានជំងឺគ្រុនក្តៅ គ្រូពេទ្យដាំទឹកក្តៅ និងចែកថ្នាំរាងដូចអាចម៍ទន្សាយឲ្យអិស។ ក្នុងមួយពេលគាត់លេប២គ្រាប់។ ប្រសិនបើ អិស មិនជាសះស្បើយ គាត់បន្តទទួលបានថ្នាំរាងដូចអាចម៍ទន្សាយរហូតដល់គាត់បានជាសះស្បើយ។
មិនយូរប៉ុន្មាន ខ្មែរក្រហមបញ្ជូនកងរបស់អិស ជិះកាណូតទៅដាំសណ្តែក, ឪឡឹក និងត្រសក់នៅភូមិកំពង់ភ្លុក។ អិស និយាយថា ផលដំណាំត្រូវដឹកយកមកទុកនៅសហករណ៍វិញ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អិស បានត្រលប់មករស់នៅភូមិកំណើតរបស់គាត់វិញ។ អិស បានរៀបការជាមួយប្តីឈ្មោះ សឺន សន និងមានកូនទាំងអស់៣នាក់ ក្នុងនោះមានស្រី២នាក់។ កូនរបស់ដឿមានឈ្មោះ សឺន សត, សឺន សុន និងសឺន វ៉ាក់។ អិស និយាយថា ទោះបីជាគាត់ខិតខំណែនាំ និងប្រាប់កូនរបស់គាត់ពីទុក្ខលំបាកនៅក្នុងរបបខ្មែរក្រហមយ៉ាងណាក៏ដោយ ក៏កូនរបស់គាត់មិនស្តាប់និងជឿគាត់ដែរ៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦







