កែក ធំ៖ កងកុមារសហករណ៍បុស្សធំ

កែក ធំ រស់នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ កែក ធំ ភេទស្រី មានអាយុ៥៨ឆ្នាំ។ ធំ មានភូមិកំណើតនិងរស់នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ធំ មានម្ដាយឈ្មោះ ស អឿង (ឪពុកមិនចាំឈ្មោះ)។

កាលពីកុមារភាព ធំ បានរៀនត្រឹមមួយខែប៉ុណ្ណោះ។ ធំ នៅផ្ទះនិងជួយធ្វើស្រែចម្ការឪពុកម្ដាយរបស់គាត់។ នៅរបប លន់ នល់ គ្រួសាររបស់ធំ បានគេចខ្លួនទៅរស់នៅភូមិបុស្សធំ។ ធំ ត្រូវលាក់ពួននៅក្នុងលេណដ្ឋាន ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ លេណដ្ឋាននោះ អាចផ្ទុកប្រជាជនចំនួន៣គ្រួសារ។ ធំ ចងចាំថា រយៈពេល៣ថ្ងៃម្តង ទើបមានការទម្លាក់គ្រាប់បែក ហើយទម្លាក់នៅតែពេលយប់ប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់ទុកគ្រួសាររបស់ធំជាប្រជាជនចាស់ ដែលរស់នៅសហករណ៍បុស្សធំ។ ឪពុកម្ដាយរបស់ធំ ត្រូវធ្វើស្រែចម្ការ។ ដោយឡែក ធំ ត្រូវកាប់ទន្រ្ទានខេត្ត និងធ្វើជី។ ក្រោយមក ធំ ត្រូវទៅរែកដីនៅភូមិសំរោង និងភូមិដំដែក។ ធំ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយពេល ធំ ទទួលបានបបរលាយជាមួយដើមចេក ឬដើមល្ហុងមួយចានចង្កឹះ។ ជួនកាល ធំ ទទួលបានដំឡូង ឬក្តួច។ ធំ និយាយថា នៅរបបនោះ សូម្បីតែអំបិលក៏គាត់គ្មានហូបដែរ។ ធំ មានតែខោអាវពណ៌ខ្មៅ២សម្រាប់ និងក្រមាមួយប៉ុណ្ណោះ។ នៅរបបខ្មែរក្រហម ប្អូនប្រុសរបស់ធំម្នាក់ ដែលជាកងទ័ពខ្មែរក្រហម និងកាលនោះមានអាយុ១៥ឆ្នាំ បានស្លាប់ដោយសារជាន់មីន។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់ធំ បានបន្តរស់នៅភូមិបុស្សធំ។ ធំ បានរៀបការជាមួយប្តីឈ្មោះ ឡុង ញឹក និងមានកូនទាំងអស់៦នាក់ ក្នុងនោះមានឈ្មោះ ដា, ទូច, ដន, ឈីង, ឡេត និងឈីម។ ក្រោយមក គ្រួសាររបស់ធំ បានមករស់នៅភូមិកំណើតរហូតមកទល់សព្វថ្ងៃ៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin