ធ្វើការក្នុងកងចល័តនារីឃុំបាស្រែ

ឃុន យ៉ន អាយុ៥៩ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី៣ ដើម្បីមើលថែប្អូនៗនៅផ្ទះ ព្រោះគាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ យ៉ន បានឃើញប្រជាជនថ្មីជាច្រើនគ្រួសារ រួមទាំងគ្រួសារឪពុកមាររបស់គាត់ បានជម្លៀសចូលមករស់នៅក្នុងភូមិ។ មិនយូរប៉ុន្មាន អង្គការបានប្រជាជនថ្មីចេញទៅអស់ ហើយឪពុកមារបស់យ៉ន ត្រូវជម្លៀសទៅរស់នៅសេដ្ឋី រួចបន្តជម្លៀសទៅដល់ស្រុកព្រះនេត្រព្រះ និងស្លាប់នៅទីនោះ។
ចំពោះគ្រួសារយ៉ន មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានបញ្ជូនប្អូនរបស់គាត់ដែលនៅតូចចូលទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការ លើកអាចម៍គោ កើបអាចម៍គោតាមផ្ទះ និងបោចស្មៅតាមវាលស្រែហើយប្អូនពៅធ្វើការមិនកើតត្រូវស្ថិតនៅក្រោមការមើលថែរបស់មនុស្សចាស់នៅក្នុងមណ្ឌល។ ចំពោះម្ដាយរបស់យ៉ន អង្គការបានចាត់តាំងឲ្យគាត់ធ្វើការក្នុងកងចល័តក្បែរសហករណ៍ ហើយឪពុកគាត់ត្រូវស្នាក់នៅ និងធ្វើការក្នុងឡូនេសាទ ដើម្បីរកម្ហូបដាក់ក្នុងសហករណ៍។
ចំណែកយ៉ន ដែលមានអាយុប្រមាណ១៨ឆ្នាំ ត្រូវបានអង្គការចាត់តាំងឲ្យចូលទៅក្នុងកងចល័តនារីដើម្បីធ្វើស្រែ ស្ទូងដក និងរែកដី លើកទំនប់ ជីកប្រឡាយ ពីកន្លែងមួយទៅកន្លែងមួយទៀត។ ជារៀងរាល់ថ្ងៃ យ៉ន ត្រូវក្រោកពីព្រឹក រួចចេញទៅធ្វើការងារហូតដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ ទើបអាចសម្រាកហូបអាហារម្ដង រហូតដល់ម៉ោងប្រមាណ១រសៀលត្រូវចុះទៅធ្វើការវិញដល់ម៉ោង៥ល្ងាច ទើបអាចសម្រាកហូបអាហារម្ដងទៀត។ ប៉ុន្តែនៅពេលមានការងារច្រើន អង្គការបានឲ្យក្រុមរបស់យ៉ន ទៅធ្វើការនៅពេលយប់បន្ថែមទៀត ដើម្បីឲ្យទាន់ផែនការរបស់អង្គការ។
នៅក្នុងសហករណ៍ យ៉ន ទទួលបានអាហារមិនគ្រប់គ្រាន់នោះទេ ព្រោះអង្គការបានយកអង្ករតិចតួចទៅដាំធ្វើជាបបររាវៗចែកឲ្យប្រជាជនហូប ហើយនៅពេលដាច់ស្បៀងខ្លាំងគាត់បានត្រឹមបបរម្សៅជ្រែ ឬបបរល្ពៅ ជាមួយសម្លត្រកួនបន្តិចបន្តួច។ យ៉ន បានឲ្យដឹងថា ប្រជាជនខំប្រឹងធ្វើស្រែខ្លាំងណាស់ដើម្បីឲ្យបានទិន្នផលច្រើន ប៉ុន្តែអង្គការនៅតែមិនឲ្យមនុស្សហូបឆ្អែត។ នៅពេលមានជំងឺ អង្គការផ្ដល់ត្រឹមថ្នាំគ្រាប់មូលៗឲ្យប្រជាជនលេប ហើយបើមិនជាសះស្បើយអ្នកជំងឺត្រូវដើររកថ្នាំខ្មែរមកព្យាបាលដោយខ្លួនឯង។
នៅឆ្នាំ១៩៧៨ អង្គការបានបញ្ជូនក្រុមរបស់យ៉ន ទៅធ្វើការបោចស្មៅក្នុងស្រែបឹងនៅម្ដុំភ្នំបូរី។ នៅទីនោះ របបអាហារដែល យ៉ន ទទួលបានគឺល្អប្រសើរជាងនៅក្នុងសហករណ៍។ យ៉ន ធ្វើការងារនៅភ្នំបូរីបានរយៈពេល៦ខែ អង្គការបានប្ដូរគាត់មកសហករណ៍វិញ ដើម្បីចូលធ្វើការក្នុងរោងចុងភៅនៅវត្តចម្លក។ ប៉ុន្តែ យ៉ន ធ្វើការក្នុងរោងបាយបានរយៈពេលប្រមាណ៣ខែ ស្រាប់តែមានការប្រយុទ្ធគ្នា និងទម្លាក់គ្រាប់បែកកើតឡើងនៅដើមឆ្នាំ១៩៧៩។ នៅពេលមានភាពចលាចល័ត យ៉ន មានការភ័យខ្លាចយ៉ាងខ្លាំង និងបានរត់ភៀសខ្លួនចេញពីភូមិរហូតដល់ភ្នំបូរី។ បន្ទាប់មក នៅពេលស្ថានការស្ងប់ស្ងាត់ឡើងវិញ យ៉ន បានត្រលប់មករស់នៅស្រុកកំណើត។
ក្រោយមក យ៉ន បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុន្តែគាត់មិនបានតាមដាននោះទេ ព្រោះគាត់រវល់រកស៊ីចិញ្ចឹមប្អូនៗដែលនៅតូច។ យ៉ន យល់ថាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺល្អ និងអាចទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រលប់មកវិញ។ មួយវិញទៀត យ៉ន គាំទ្រឲ្យមានការថែរក្សាឯកសារ អប់រំក្មេងៗជំនាន់ក្រោយ និងបង្កើតកន្លែងថែរក្សាឯកសារប្រវត្តិសាស្រ្ដ។ នៅពេលផ្ដល់បទសម្ភាសន៍ យ៉ន មានជំងឺឈឺចង្កេះ និងក្រពះពោះវៀន។ ដើម្បីព្យាបាលជំងឺ យ៉ន បានទិញថ្នាំពីពេទ្យឯកជនយកមកលេប រួមជាមួយការប្រើប្រាស់ថ្នាំខ្មែរបន្ថែម ព្រោះថវិការមានកំណត់។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







