នៅក្នុងសហករណ៍ភូមិសឹង្ហ ខ្វះខាតអាហារខ្លាំងណាស់

អួង ឌុច អាយុ៧៣ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង លើរបបលន់ នល់ ឌុច មានអាយុប្រមាណជាង៣០ឆ្នាំ។ ឌុច បានឃើញប្រជាជន១៧មេសា ជាច្រើននាក់ដែលជាអ្នកធ្វើការក្នុងរបបមុន ឬជាជនជាតិចិន ជនជាតិចាម និងជនជាតិវៀតណាម បានជម្លៀសចូលទៅក្នុងសហករណ៍។ មិនយូរប៉ុន្មាន ឌុច បានឃើញអង្គការជម្លៀសប្រជាជនថ្មីទាំងអស់ចេញពីភូមិម្ដងមួយក្រុមរហូតដល់អស់ ប៉ុន្តែគាត់មិនទាន់ដឹងថាមានការសម្លាប់នោះទេ។
នៅឆ្នាំ១៩៧៦ ឌុច និងប្រជាជននៅក្នុងភូមិផ្សេងទៀត ចាប់ផ្ដើមជួបការលំបាកខ្លាំងក្នុងការហូបអាហារ។ នៅក្នុងមួយពេល អង្គការបានយកអង្ករចំនួន៤កំប៉ុងប៉ុណ្ណោះទៅដាំបបរលាយជាមួយបន្លែព្រលឹត ឬផ្ទីចែកឲ្យប្រជាជនហូប។ ការហូបអាហារនេះ បានធ្វើឲ្យប្រជាជនបាក់កម្លាំងឈឺស្លាប់ជាច្រើននាក់ ព្រោះគ្មានថ្នាំពេទ្យព្យាបាលជំងឺត្រឹមត្រូវ គឺមានតែថ្នាំធ្វើដោយខ្លួនឯងដែលមានរាងមូលៗដូចជាអាចម៍ទន្សាយសម្រាប់លេប។
ចំពោះ ឌុច បានធ្លាក់ខ្លួនឈឺខ្លាំងនៅពេលធ្វើការជីកព្រែក លើកប្រឡាយ នៅរលាំងគ្រៀល ក្បែរផ្លូវជាតិលេខ៤ ហើយអង្គការបានយកទឹកដូងមកប្រតោងដូចជាសេរ៉ូមឲ្យគាត់ និងផ្ដល់គ្រាប់ថ្នាំមូលពណ៌ខ្មៅបន្ថែមដើម្បីព្យាបាល។ ជំងឺរបស់ ឌុច កើតឡើងដោយសារការធ្វើការរែកដី រែកថ្មធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែទទួលបានអាហារមិនគ្រប់គ្រាន់ ព្រោះក្នុងមួយថ្ងៃអង្គការផ្ដល់អង្ករឲ្យមួយកំប៉ុងប៉ុណ្ណោះសម្រាប់យុវជនម្នាក់ ហើយនៅពេលហូបអាហារ ប្រធានកងបានយកចំណែកអង្ករទៅដាំបបរហូបរួមនៅពេលថ្ងៃត្រង់ និងពេលល្ងាច។
ជារៀងរាល់ថ្ងៃ អង្គការបានដាក់ផែនការឲ្យយុវជនប្រឡងប្រណាំងគ្នាចាប់តាំងពីម៉ោងប្រមាណ៦ព្រឹក រហូតដល់ម៉ោងសម្រាក់ហូបអាហារថ្ងៃត្រង់រយៈពេលមួយម៉ោងទៅមួយម៉ោងកន្លះ រួចបន្តធ្វើការដល់ម៉ោងប្រមាណ៧យប់។ នៅរដូវធ្វើស្រែ ឌុច បានចូលទៅធ្វើការនៅក្នុងកងភ្ជួរ ដោយផ្ទៃដីស្រែ១ហិកតា អង្គការបានចាត់ឲ្យនង្គ័លចំនួន៤ រនាស៤ និងអ្នកស្ទូងចំនួន២៥នាក់។ ដើម្បីឲ្យគ្រប់ផែនការ ឌុច និងក្រុមរបស់គាត់ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺរួចចេញទៅធ្វើការងារ ហើយនៅពេលមានជំងឺ និងហែវហត់អស់កម្លាំង គាត់មិនហ៊ានឈប់សម្រាកនោះទេ ព្រោះខ្លាចមានទោស។
នៅចុងឆ្នាំ១៩៧៨ ឌុច បានប្ដូរទៅធ្វើការឡើងត្នោត តាមការចាត់តាំងរបស់អង្គការ។ ថ្ងៃមួយនៅលើចុងត្នោតក្បែរទួលសង្ដែលដែលជាកន្លែងសម្លាប់មនុស្សនៅក្នុងឃុំសឹង្ហ ខាងលិចក្រាំងស្ដៅ ឌុច បានឃើញអង្គការជីករណ្ដៅទំហំប្រមាណ៥ ទៅ៦ម៉ែត្របួនជ្រុង និងជម្រៅប្រមាណ២ម៉ែត្រទុកចោល។ ប៉ុន្តែនៅដើមឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួរលំ ហើយឌុច បានត្រលប់មកពីរត់ភៀសខ្លួនវិញ គាត់បានឃើញសាកសពមនុស្សជាច្រើននាក់នៅក្នុងរណ្ដៅនោះ ដោយនៅក្នុងមួយរណ្ដៅមានអ្នកស្លាប់ប្រមាណ២០ ទៅ៣០នាក់។ ឌុច បន្តថាអ្នកដែលស្លាប់នៅទីនោះ ភាគច្រើនគឺជាអ្នកចេះដឹង និងអ្នកប្រព្រឹត្តិកំហុសបន្តិចបន្តួចនៅក្នុងរបបខ្មែរក្រហម។
ក្រោយមក ឌុច បានដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់យល់ថាការកាត់ទោសនេះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន។ មួយវិញទៀត ឌុច ចង់ឲ្យមានការចងក្រងឯកសារ និងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យដឹងពីរបបខ្មែរក្រហម ដើម្បីការពារកុំឲ្យរបបអាក្រក់មួយនោះវិលត្រលប់មកវិញ។ នៅពេលផ្ដល់បទសម្ភាសន៍ ឌុច មានជំងឺបេះដូង ដែលជំងឺរបស់គាត់កើតឡើងពីការចង់ចាំភាពឈឺចាប់ក្នុងរបបខ្មែរក្រហម និងបានធ្វើឲ្យគាត់គ្រាំគ្រាក្នុងចិត្ត។ ដើម្បីព្យាបាលជំងឺ ឌុច បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យសំរោង និងពេទ្យតាកែវ ហើយបានទិញថ្នាំពេទ្យយកមកលេបជាប្រចាំ រួមផ្សំជាមួយការប្រើប្រាស់ថ្នាំខ្មែរ។
សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







