បាយលាយទឹកភ្នែក

(ត្បូងឃ្មុំ) ទៀប ពៅ មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្ន ពៅ មានទីលំនៅរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅឆ្នាំ១៩៧០ ក្នុងស្រុកដែល ពៅ រស់នៅមានការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងសន្ធឹកសន្ធាប់ ធ្វើឱ្យប្រជាជនស្លន់ស្លោនាំគ្នារត់ចូលត្រង់សេ ហើយប្រជាជនខ្លះទៀតបាននាំសមាជិកគ្រួសារភៀសខ្លួនចេញពីភូមិដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពរស់នៅបណ្ដោះអាសន្នសិន។ ពៅ តែងតែនាំកូនតូចៗទៅជ្រកក្រោមទេះគោ ឬពួនតាមភ្លឺស្រែ។ ក្នុងគ្រានោះ មេភូមិមានចិត្តសប្បុរសបានចែកអង្ករម្នាក់មួយកំប៉ុងសម្រាប់អ្នកភូមិដែលបានរត់ភៀសខ្លួន។
នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាចពេញផ្ទៃប្រទេស ពេលនោះ ពៅ មានអាយុ៣៨ឆ្នាំ ។ កាតព្វកិច្ចការងារប្រចាំថ្ងៃមានដូចជា ជីកប្រឡាយ ដកស្ទូង កិនស្រូវ បុកអង្ករ ចាប់ផ្ដើមធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់យប់ងងឹត គ្មានពេលសម្រាកបានគ្រប់គ្រាន់ឡើយ។ ពៅ បាននិយាយថានៅក្នុងរបបខ្មែរក្រហម ទោះបីជាជង្រុកមានស្តុកស្រូវពេញៗរាប់មិនអស់ ប៉ុន្តែការហូបចុកមានភាពខ្វះខាតខ្លាំង។ មេកងហាមឃាត់ដាច់ខាតមិនអនុញ្ញាតឱ្យប្រជាជនហូបឆ្អែតឡើយ។ របបអាហារប្រចាំថ្ងៃ មានត្រឹមតែបបររាវៗ លាយជាមួយគល់ចេកចិញ្ច្រាំ ឬដើមចេកកាត់ជាបីកង់យកមកស្ងោរលាយស្លឹកត្រកួន ឬសម្លម្ជូរព្រលឹត។
ស្ថានភាពរស់នៅនាពេលនោះជួបប្រទះភាពវេទនាយ៉ាងខ្លាំង ហូបបាយលាយឡំទឹកភ្នែកស្ទើររាល់ថ្ងៃ។ ទៀប ពៅ ភ័យខ្លាចការគំរាមកំហែងពីមេកងដែលតែងតែឈ្លបមើលចាំចាប់កំហុស ខ្លាចអង្គការយកទៅកសាងឬយកទៅសម្លាប់ចោល។ ការថែទាំសុខភាពមិនមានទាល់តែសោះ ពេលមានជំងឺប៉ុន្តែគ្មានថ្នាំពេទ្យព្យាបាលឡើយ មានតែការយកឫសក្រចាបមកចំហុយផឹកជំនួសថ្នាំ។
នៅក្នុងរបបខ្មែរក្រហម កូនប្រុសរបស់ពៅ ម្នាក់ដែលត្រូវបានអង្គការចាប់យកទៅធ្វើជាទាហាន រួចបាត់បង់ជីវិតបាត់ដំណឹងរហូតមក។ ក្រៅពីការបាត់បង់សមាជិកគ្រួសារ ពៅ បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពធ្វើទារុណកម្មសម្លាប់មនុស្សនៅក្បែរផ្សារកណ្តោលជ្រុំ។ បន្ថែមពីនេះ សកម្មភាពបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ជាតិបានកើតឡើងយ៉ាងអនាធិបតេយ្យ ដូចជាការវាយបំបែករូបសំណាកព្រះពុទ្ធរូប ការវាយកម្ទេចវត្តកណ្តោលជ្រុំឱ្យខូចខាតទាំងស្រុង ព្រមទាំងការហាមប្រាមដាច់ខាតមិនឱ្យមានព្រះសង្ឃគង់នៅក្នុងវត្តឡើយ។
សព្វថ្ងៃនេះ ទៀប ពៅ មានជំងឺសរសៃ តែងតែចុកសរសៃរ៉ាំរ៉ៃ ដែលជាលទ្ធផលបន្សល់ទុកពីការធ្វើការងារធ្ងន់ធ្ងរហួសកម្លាំងពីអតីតកាល។ ជំងឺទាំងអស់នេះទើបតែលេចឡើងនៅពេលមានវ័យចំណាស់ប៉ុណ្ណោះ។ ស្ថានភាពជីវភាពខ្វះខាតថវិកា បានធ្វើឱ្យ ពៅ មិនអាចទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលជំងឺប្រចាំកាយទាំងនេះបានឡើយ៕
សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







