ឆេន ប៉ុញ៖ កងកុមារនៅសហករណ៍៣

(សៀមរាប)៖ ឆេន ប៉ុញ ភេទប្រុស មានអាយុ៦០ឆ្នាំ។ ប៉ុញ រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប៉ុញ មានភូមិកំណើតនៅភូមិតាកុយ។ ប៉ុញ មានឪពុកឈ្មោះ ឆេន និងម្ដាយឈ្មោះ ឃិត ហូ។ ប៉ុញ បានកំព្រាឪពុកតាំងពីគាត់មានអាយុ៥ខែ ហើយគាត់មានបងប្អូនឪពុកទីទៃចំនួន៤នាក់។
នៅរបប លន់ នល់ ប៉ុញ បានរៀនត្រឹមថ្នាក់អាទិកដ្ឋាន ឬថ្នាក់ទី១០ចាស់។ ប៉ុញ ឈប់រៀន និងជួយម្ដាយរបស់គាត់ឃ្វាលក្របី។ មិនយូរប៉ុន្មាន មានការទម្លាក់គ្រាប់ជាច្រើននៅភូមិរបស់គាត់ ដូច្នេះ ប៉ុញ ត្រូវលាក់ពួនក្នុងលេណដ្ឋាន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់ទុក ប៉ុញ ជាប្រជាជនចាស់រស់នៅភូមិតាកុយ។ ខ្មែរក្រហមបានបង្កើតសហករណ៍ចំនួន៣ គឺសហករណ៍១, សហករណ៍២ និងសហករណ៍៣ ដែលស្ថិតនៅក្នុងភូមិតាកុយ និងភូមិត្រពាំងស្វាយ។ ប៉ុញ ធ្វើការក្នុងក្រុមកុមារសហករណ៍៣ ស្ថិតក្នុងភូមិត្រពាំងស្វាយ។ សមាជិកក្រុមរបស់ប៉ុញ មានគ្នាតែ៤នាក់ប៉ុណ្ណោះ។ ប៉ុញ ត្រូវឃ្វាលក្របី, កាប់ទន្ទ្រានខេត្តធ្វើជី, ដកព្រលិត និងសែងមកដាក់នៅរោងសហករណ៍។ ក្រៅពីធ្វើពលកម្ម ខ្មែរក្រហមបង្រៀនក្រុមរបស់ប៉ុញពីមាគ៌ារបស់អង្គការខ្មែរក្រហម។
អំពីរបបអាហារ ប៉ុញ ទទួលបានបបរមួយចានលាយជាមួយច្រាច់, ព្រលិត ឬដើមចេក ហើយមានតែនៅរដូវច្រូតកាត់ប៉ុណ្ណោះ ទើប ប៉ុញ ទទួលបានការហូបចុកគ្រប់គ្រាន់។ នៅសហករណ៍ គ្មានចម្ការដំឡូង ដូច្នេះ ប៉ុញ មិនដែលបានលួចដំឡូងហូបទេ។ ប៉ុញ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់រហូតដល់គាត់កើតមានជំងឺគ្រុនចាញ់។ នៅពេលឈឺ ម្ដាយរបស់ប៉ុញ កោសជប់ឲ្យគាត់ ហើយគាត់ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយពីគ្រូពេទ្យសម្រាប់ព្យាបាល។ ខ្មែរក្រហម និយាយថា ប៉ុញ មានជំងឺគ្រុនសតិអារម្មណ៍ ឬគ្រុនញាក់គ្រុនញ័រស៊ីបាយបាន។
បន្ទាប់មក ប៉ុញ ចូលធ្វើការក្នុងកងចល័ត ហើយគាត់ត្រូវទៅដឹកជី និងលើកទំនប់ នៅទំនប់៧៨។ អំឡុងពេលធ្វើការ ប៉ុញ ឃើញប្រធានឃុំ ឈ្មោះ ចេង បញ្ជាឲ្យយកដំរីទៅទាញរំលំសសរវិហារ និងវាយកម្ទេចព្រះបដិមាធំមួយនៅវត្តត្រាច។
ក្រោយមក ប្រធានឃុំនោះត្រូវខ្មែរក្រហមបណ្តើរឡើងឡាន, យកធាងដូងគ្របពីលើ និងដឹកទៅភូមិតារុន។ ប៉ុញ ឃើញខ្មែរក្រហមចាប់ចងប្រជាជន និងឃុំខ្លួននៅដំដែក។ ក្រៅពីនេះ នៅពេលយប់ មានយោធាខ្មែរក្រហមមកនាំខ្លួនប្រជាជនណាដែលប្រព្រឹត្តទង្វើខុសសីលធម៌ទៅឃុំនៅទំនប់តាសិន ដែលមានប្រធានមន្ទីរ ឈ្មោះ តាធុង។ ប៉ុញ និយាយថា ប្រជាជនភាគច្រើនត្រូវបានវាយសម្លាប់នៅទីនោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉ុញ បានរៀបការជាមួយប្រពន្ធទី១ឈ្មោះ ឃិន ភា និងមានកូនម្នាក់។ ក្រោយមក ប៉ុញ បានរៀបការប្រពន្ធទី២ឈ្មោះ រៀម រ៉ុន និងមានកូន៤នាក់។ សព្វថ្ងៃ ប៉ុញ ប្រកបរបរធ្វើស្រែចម្ការ។ នៅពេលរំឭកពីរបបខ្មែរក្រហមប្រាប់ដល់កូនៗ ប៉ុញ និយាយថា “ប្រាប់ហើយ ក៏គេមិនជឿដែរ”៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦







