ហេងចូលបម្រើជាយោធាខ្មែរក្រហមមានអាយុត្រឹម១២ឆ្នាំ

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រទេសភាគច្រើននៅលើពិភពលោក មានប្រព័ន្ធការងារទាំងអស់ត្រូវបានលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ។[1] ដោយឡែកយើងសង្កេតឃើញថា របៀបដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមិនបានយកចិត្តទុកទៅលើដាក់សិទ្ធិទាំងអស់នេះទេ។ ជាទូទៅ ខ្មែរក្រហមមិនបានគោរពសិទ្ធិពលរដ្ឋតែម្តង។ សូម្បីតែក្មេងៗដែលមានអាយុត្រឹម១២ឆ្នាំ ក៏ខ្មែរក្រហមព្រមទទួលឲ្យចូលបម្រើការងារជាយោធាខ្មែរក្រហមនិងបានបញ្ជូនទៅធ្វើសង្រ្គាមនៅតាមសមរភូមិមុខថែមទៀតដោយមិនគិតអំពីសិទ្ធិមនុស្ស។
ហេង បាននិយាយថា៖ «ខ្ញុំ កើតនៅឆ្នាំ១៩៥៨ នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សឿ (ស្លាប់ជំនាន់ខ្មែរក្រហម) ម្តាយឈ្មោះយេង (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួនប្រាំនាក់ ប្រុសពីរស្រីបី។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រទេ ទោះបីឪពុកម្តាយខំជូនទៅដល់សាលារៀន ខ្ញុំក៏ព្យាយាមលួចចេញមកវិញដែរ រួចមិនបានត្រឡប់ទៅផ្ទះវិញភ្លាមទេ។ ដោយខ្លាចឪពុកម្តាយដឹង ទាល់តែដល់ម៉ោងកូនសិស្សចេញពីសាលារៀនទើបហ៊ានដើរចូលផ្ទះដែរ។ ជីវិតខ្ញុំ កាលនៅក្មេងៗឪពុកម្តាយប្រើឲ្យឃ្វាលគោក្របី តាមវាលស្រែជាប់មាត់អូរនិងឆ្លៀតពេលទំនេរលេងល្បែងនានា ដើម្បីកម្សាន្តផង មានជាអាទិ៍ដូចជាលេងគប់វង់ ដើរស្ទូចត្រីជាមួយមិត្តភក្តិនៅក្នុងភូមិជាមួយគ្នា។
នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មកមានព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០។ ខ្ញុំនៅចងចាំថាមានមហាបាតុកម្មមួយកើតឡើងប្រជាជននៅក្នុងភូមិទាំងចាស់ទាំងក្មេងរួមទាំងឪពុកខ្ញុំបានធ្វើដំណើរចេញពីភូមិរំចេកសំដៅទៅធ្វើបាតុកម្មទ្រង់ទ្រាយធំនៅម្តុំផ្សារសំរោងយ៉ោង។ កាលនោះឪពុករបស់ខ្ញុំមិនបានអនុញ្ញាតឲ្យទៅចូលរួមធ្វើបាតុកម្មជាមួយគាត់ទេ។ នៅអំឡុងឆ្នាំ១៩៧០ ខ្ញុំមានអាយុត្រឹម១០ឆ្នាំ។ កាលនោះខ្ញុំមានចិត្តចង់សប្បាយ។ ខ្ញុំបានឃើញមនុស្សរស់នៅក្នុងភូមិនាំគ្នាទៅច្រើនហាក់ដូចជាសប្បាយក៏លួចរត់តាមពីក្រោយមិនឲ្យឪពុកដឹងទេ។ពេលនោះខ្ញុំបានឃើញសកម្មភាពផ្ទាល់និងដឹងតាមរយៈចាស់ៗពិភាក្សាគ្នាថា បងប្អូនយើងរស់នៅតាមស្រុកស្រែចម្ការទីជនបទភាគច្រើនព្រមទៅធ្វើបាតុកម្មក្នុងគោលបំណងចង់បានសម្តេចព្រះ នរោត្តម សីហនុ យាងមកដឹកនាំប្រទេសជាតិឡើងវិញ។ ក៏ប៉ុន្តែការតវ៉ាតាមបែបមហាបាតុកម្មមិនបានសម្រេចទេ។ ដោយសារទាហាន លន់ នល់ បានបាញ់ប្រហារមកលើហ្វូងបាតុកម្មបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ ឪពុករបស់ខ្ញុំនិងប្រជាជនផ្សេងទៀតទៅចូលរួមធ្វើបាតុកម្មបានតែមួយយប់មួយថ្ងៃក៏វិលត្រឡប់មករកភូមិកំណើតវិញ។ នៅឆ្នាំ១៩៧១ កងទ័ពអាកាសលោកលន់ នល់ បានមកទម្លាក់គ្រាប់បែក(អាបេ៥២) នៅជាយភូមិរំចេកហើយត្រូវចំផ្ទះស្រ្តីម្នាក់ឈ្មោះ (ស៊ុន) បង្កឲ្យមានរបួសធ្ងន់បានសាច់ញាតិជិតខាងជួយដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធារហូតបានជាសះស្បើយរស់រានមានជីវិតរហូតមក។
នៅអំឡុងឆ្នាំ១៩៧២ សង្រ្គាមកើតឡើងកាន់តែខ្លាំងរវាងកម្លាំងចលនាខ្មែរក្រហមនិងទាហាន លន់ នល់។ សភាពការណ៍នៅក្នុងភូមិកាន់តែលំបាកឡើងៗដោយសារការទម្លាក់គ្រាប់បែកមិនឈប់ពីកងទ័ពអាកាសបានធ្វើឲ្យប្រជាជនមានការឈឺចាប់យ៉ាងខ្លាំងទើបបណ្តាលឲ្យកម្លាំងយុវជនយុវនារីនៅក្នុងភូមិនាំគ្នាចូលបម្រើចលនាបដិវត្តខ្មែរក្រហមយ៉ាងឆាប់រហ័ស។ កាលនោះខ្ញុំនៅក្មេងអាយុត្រឹម១២ឆ្នាំ មិត្តភក្តិបបួលក៏ព្រមចូលទៅបម្រើចលនាបដិវត្តខ្មែរក្រហមដោយគ្មានការស្ទាក់ស្ទើរក្នុងចិត្ត។ នៅអំឡុងឆ្នាំ១៩៧២ ខ្ញុំនិងមិត្តភក្តិជាច្រើនបានចូលរួមជាមួយគ្នាសុទ្ធតែមានអាយុច្រើនជាង ដូចជា៖ បងលន, បងភិន, បងហន់, បងហ៊ី, បងធន់, បងថាវ, បងឆន, បងអ៊ុន និងបងឈិន នៅមានច្រើនទៀតចាំឈ្មោះមិនអស់ទេ។ សម័យកាលប្រទេសជាតិកើតមានសង្រ្គាមបើយើងមិនព្រមស្ម័គ្រចិត្តក៏កងឈ្លបខ្មែរក្រហមប្រចាំតាមភូមិចាប់បង្ខំដែរ។ ខ្ញុំក៏ព្រមស្ម័គ្រចិត្តបម្រើជាយោធាខ្មែរក្រហមនៅភូមិភាគនិរតី អង្គភាពយោធាលេខ១១០ ដែលមានប្រធានតាម៉េន។ ខ្ញុំចូលដំបូងនៅភូមិព្រីង បានហាត់យុទ្ធសាស្រ្តកងទ័ពលូនក្រាបរៀនដោះកាំភ្លើងនិងរៀនបាញ់បានរយៈពេលកន្លះខែគត់ អង្គការបញ្ជូនទៅសមរភូមិមុខភ្លាមតែដោយសារខ្ញុំនៅក្មេងប្រធានវរសេនាតូចឈ្មោះ តាម៉េន មិនអនុញ្ញាតឲ្យចូលសមរភូមិជួរមុខទេ។ ខ្ញុំមានតួនាទីជាអ្នករែកបាយស្មុគឡើងទៅសមរភូមិជួរមុខទាំងយប់ទាំងថ្ងៃបានជិតមួយខែឃើញថាលំបាកពេកណាមួយខ្លាចយន្តហោះខាងទ័ពអាកាស លន់ នល់ ទម្លាក់គ្រាប់បែកផង។ ខ្ញុំក៏ស្ម័គ្រចិត្តចូលសមរភូមិមុខជាមួយបងៗតែម្តងទៅ។ កាលនោះសមរភូមិវាយខ្មាំងជួនតាមព្រៃជួនតាមវាលស្រែនិងឆ្លងកាត់ក្នុងភូមិមួយចំនួនរហូតធ្លាយដល់ផ្លូវជាតិលេខ៤ ចូលវាយបន្ទាយទាហាន លន់ នល់ នៅលង្វែក។ នៅក្នុងសភាពការណ៍នោះឃើញថាទាហាន លន់ នល់ និងយោធាខ្មែរក្រហមមានស្លាប់និងរបួសជាច្រើនខ្ញុំក៏មានរបួសត្រង់ឆ្អឹងខ្នងបោះដៃផុតរួចខាងកងពលបញ្ជូនទៅដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធារហូតបានជាសះស្បើយវិលចូលសមរភូមិវិញបន្តវាយចូលទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមឡើងកាន់អំណាចនិងមានឈ្មោះផ្លូវការថា (របបកម្ពុជាប្រជាធិបតេយ្យ) ដឹកនាំដោយ ប៉ុល ពត, នួន ជា, អៀង សារី និងខៀវ សំផន។ នៅឆ្នាំ១៩៧៥ អង្គភាពខ្ញុំប្រចាំការនៅម្តុំទឹកថ្លាបានមួយរយៈពេលខ្លីនិងមានបទបញ្ជាពីថ្នាក់លើថា ត្រូវជ្រើសរើសយោធាតាមកងពលមួយចំនួន ដើម្បីបង្កើតជាកងពលថ្មីមួយទៀតសម្រាប់ការពារដែនសមុទ្រប្រទេសកម្ពុជាមានឈ្មោះថា កងពល១៦៤ ដែលមាន មាស មុត ជាប្រធាន។ យើងខ្ញុំព្រមទាំងយោធាផ្សេងទៀត បានឡើងជិះរថយន្តចេញពីទឹកថ្លា ធ្វើដំណើរឆ្លងកាត់តាមជាតិលេខ៣ ខេត្តកំពត។ នៅពេលរថយន្តបានទៅដល់ចំណុចស្ពានបាក់ដែលមិនអាចធ្វើដំណើរបន្តទៅមុខទៀតខ្ញុំបានដឹងថា យោធាខ្មែរក្រហមមកពីកងពលផ្សេងរាប់ពាន់នាក់ និងមានរថយន្តចំនួន១០០គ្រឿងចាំទទួលបន្តដំណើរទៅមុខទៀតហើយរថយន្តមួយគ្រឿងអាចដាក់បានគ្នា៥០នាក់។ ខ្ញុំបានឡើងជិះរថយន្តបន្តទៀតសង្កេតឃើញថា នៅតាមផ្លូវគ្មានមនុស្សដើរទេ មានសភាពស្ងប់ស្ងាត់រហូតដល់ព្រលានយន្តហោះកងកេងបានឈប់សម្រាកទាំងអស់គ្នានៅទីនោះ។ នៅពេលយប់យើងនាំគ្នាសម្រាកតាមផ្ទះប្រជាជនដែលយោធាខ្មែរក្រហមបានជម្លៀសចេញទៅអស់។ អង្គភាពខ្ញុំបានសម្រាកនៅព្រលានកងកេងបានមួយរយៈពេលបីបួនថ្ងៃ អង្គការហៅប្រជុំបែងចែកកម្លាំងជាក្រុមៗតាមមុខសញ្ញារៀងៗខ្លួន។ ខ្ញុំបានចេញដំណើរតាមរថយន្តបន្តពីព្រលានយន្តហោះកងកេងសំដៅក្រុងកំពង់សោម។ កាលនោះអង្គភាពខ្ញុំបានស្នាក់នៅម្តុំផ្សារលើបីថ្ងៃបន្តទៀតបានបញ្ជូនទៅកាន់កោះតាងតែម្តងមានគ្នាជាង១០០នាក់ ប្រធានតាម៉េន។ ខ្ញុំបានធ្វើដំណើរតាមកប៉ាល់ប្រើរយៈពេលប្រហែលជាងបីម៉ោង។ ការងារដំបូងនៅលើកោះមានតែជីកលានដ្ឋានស្នាក់នៅនិងមានតួនាទីការពារកោះកុំឲ្យប្រទេសជិតខាងចូលឈ្លានពាន។ នៅមិនយូរប៉ុន្មានក៏មានព្រឹត្តិការណ៍ថ្មីកើតឡើងជាថ្មីទៀតដោយសារយោធាខ្មែរក្រហមនៅចាំការពារកោះពូលូវៃទៅចាប់ឃាត់កប៉ាល់មួយគ្រឿងដែលបានបើកបរត្រឹមត្រូវឆ្លងកាត់តាមផ្លូវទឹកអន្តរជាតិ។ ក៏ប៉ុន្តែយោធាខ្មែរក្រហមក្មេងៗមិនដែលដឹងច្បាប់ផ្លូវទឹកអន្តរជាតិបែបយ៉ាងម៉េចទេ ឲ្យតែឃើញកប៉ាល់បើកបរនៅក្បែរកោះដឹងថាខុសច្បាប់ក៏ទៅចាប់យកមកដាក់កោះតាងតែមិនអាចចូលចតបានទេ ពីព្រោះកប៉ាល់មានទំហំធំណាស់។ អង្គភាពយើងខ្ញុំមិនមានបទបញ្ជាទៅកប៉ាល់នោះទេ ប៉ុន្តែពេលចាប់បានអង្កភាពខ្ញុំមានតួនាទីចាំយាមការពារកប៉ាល់មួយគ្រឿងនោះហើយបានដឹងឈ្មោះកប៉ាល់តាមរយៈមិត្តភក្តិនិយាយតៗគ្នាថា (កប៉ាល់ម៉ាយ៉ាហ្គេស)។ នៅពេលយោធាខ្មែរក្រហមយកមនុស្សចេញពីកប៉ាល់អស់ ខ្ញុំបានឡើងទៅលើកប៉ាល់នោះសង្កេតឃើញថា មានទំហំធំមែនទែន បើបន្ទប់វិញរាប់រយបន្ទប់រាប់មិនអស់ទេ ឮសូរ្យសម្លេងទូរសព័្ទរោរិ៍ញ៉ោកញ៉ាកតែគ្មានអ្នកណាហ៊ានទទួល។ ខ្ញុំបានការពារកប៉ាល់មួយយប់មួយថ្ងៃ ស្រាប់តែមានបទបញ្ជាពីមេបញ្ជាការឲ្យចុះមកវិញ។ បន្ទាប់មកទៀតឃើញកប៉ាល់ធ្វើដំណើរចាកចេញទៅវិញបាត់។ ស្រាប់ស្អែកឡើងពេលព្រឹកម៉ោងប្រហែលជាម៉ោង៩ មានព្រឹត្តិការណ៍កើតដោយមិនបានដឹងខ្លួនជាមុន មានឧទ្ធម្ភាចក្រ(ភាសាសាមញ្ញហៅកន្ទុំរុយឬតំបន់ខ្លះហៅឡានហោះ)មកទម្លាក់គ្រាប់នៅលើកោះតាងជាច្រើនគ្រាប់និងបាញ់ស្រោចពីលើឧទ្ធម្ភាចក្រផងបណ្តាលឲ្យយោធាខ្មែរក្រហមនៅប្រចាំការលើកោះតាងមិនបានប្រុងប្រយ័ត្នភ័យស្លន់ស្លោចេះតែបាញ់តវិញទាំងមិនមានជំនាញច្បាស់លាស់។ ចំណែកអង្គភាពខ្ញុំមិនបានប្រយុទ្ធតតាំងជាមួយទាហានអាមេរិកកាំងទេ។ មានអង្គភាពផ្សេងយោធាខ្មែរក្រហមផ្សេងទៀតដែលបានប្រយុទ្ធបាញ់តតាំងជាមួយទាហានអាមេរិកកាំង។ នៅពេលស្ងប់ស្ងាត់សង្រ្គាម ទើបខ្ញុំនិងយោធាខ្មែរក្រហមចំនួនបីនាក់ទៀតបានធ្វើដំណើរចុះមកដល់មាត់ឆ្នេរសមុទ្រខាងកើតក៏ប្រទះឃើញឧទ្ធម្ភាចក្រមួយគ្រឿងបានធ្លាក់នៅឆ្នេរសមុទ្រកោះតាងហើយដឹងថាយោធាខ្មែរក្រហមបានបាញ់ត្រូវចំកន្ទុយដែលបណ្តាយឲ្យធ្លាក់។ យើងបានដើរទៅជិតដើម្បីមើលឲ្យច្បាស់ស្រាប់តែឃើញទាហានអាមេរិកកាំងស្លាប់ចំនួនបីនាក់នៅក្បែរឧទ្ធម្ភាចក្រ។ ក្រោយពីបានត្រួតពិនិត្យរួចរាល់ក្រុមយើងខ្ញុំបានធ្វើដំណើរឡើងទៅលើភ្នំវិញ។ ពេលឡើងទៅវិញបានមួយសន្ទុះស្រាប់តែឃើញផ្សែងភ្លើងហុយឡើងជាខ្លាំងមិនបានដឹងថាភ្លើងឆេះអ្វីទេ។ លុះដល់ព្រឹកឡើងខាងអង្គភាពយើងខ្ញុំចុះមកមើលម្តងទៀតបានដឹងថា សាកសពទាហានអាមេរិកកាំងបីនាក់នោះយោធាខ្មែរក្រហមបានដុតចោលហើយនៅសល់តែស្នាមផេះលាយពណ៌សៗនិងមានកំប៉ុងត្រីខនៅជិតនោះខ្លះ។ ខ្ញុំមិនបានដឹងថា យោធាខ្មែរក្រហមនៅក្នុងអង្គភាពមួយណាជាអ្នកដុតនោះទេ គ្រាន់តែបានឃើញស្នាមដុតខ្មៅៗនៅក្បែរនោះ ។ ខ្ញុំនៅការពារកោះតាងបានតែរយៈពេលបួនខែរួចចល័តមកការពារកោះពូលូវៃម្តងវិញ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវអង្គការបានផ្លាស់ទៅជាមួយក្រុមអ្នកបើកបរកប៉ាល់វិញ។ នៅក្នុងកប៉ាល់មួយគ្រឿងតម្រូវឲ្យមានគ្នាបួននាក់។ ខ្ញុំមានតួនាទីទទួលមើលការខុសត្រូវផ្នែកម៉ាស៊ីន បីនាក់ទៀតខាងបើកបរ។ ខ្ញុំជាក្រុមដឹកជញ្ជូនស្បៀងអាហារនិងសម្ភារផ្សេងៗចេញពីក្រុងកំពង់សោមទៅកាន់កោះនានានៅក្នុងដែនសមុទ្រទាំងអស់នៃប្រទេសកម្ពុជានិងមានកប៉ាល់ចម្បាំងផ្សេងៗជាច្រើនគ្រឿងទៀតជាជំនួយរបស់ប្រទេសប្រជាមានិតចិនសម្រាប់ទុកការពារប្រយុទ្ធប្រឆាំងជាមួយបរទេសឈ្លានពាន។
នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមវាយចូលមកដល់ប្រទេសកម្ពុជា ខ្ញុំបានរួចផុតជីវិតពីរបបខ្មែរក្រហម ខ្ញុំបានរត់ភៀសខ្លួនមកស្រុកកំណើតវិញ មិនបានរត់ទៅជាយដែនថៃតាមយោធាខ្មែរក្រហមទេ។ ខ្ញុំបានធ្វើដំណើរកាត់ព្រៃផងកាត់តាមភូមិផង ដើម្បីសំដៅមកស្រុកកំណើរវិញ ក្នុងគោលបំណងបានជួបមុខឪពុកម្តាយបងប្អូនដែលបានបែកគ្នារហូតតាំងពីឆ្នាំ១៩៧២។ នៅឆ្នាំ១៩៨២ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីម្នាក់ឈ្មោះ យ៉ុម សព្វថ្ងៃមានកូនចំនួន៥នាក់ ប្រុស៣ស្រី២ រស់នៅភូមិអង្គរស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ»៕[2]
អត្ថបទដោយ សុខ វណ្ណៈ
មជ្ឈមណ្ឌលឯកសារកម្ពុជា
[1] ដកស្រង់ចេញពីការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឯកសារលេខ TKI0794 (2022) សម្ភាសន៍ជាមួយឈ្មោះ អ៊ូ ហេង ហៅ តុយ ដោយលោកឡុង ដានី នៅថ្ងៃទី០៤ខែមិនាឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទទាក់ទង

អត្ថបទឈ្មោះ ហឹង អឿន៖ ប្រធានសន្តិសុខ ស្រុកមុខកំពូល ប្រចាំតំបន់២២

អ្នកផ្សំថ្នាំ និងព្យាបាលយោធាខ្មែរក្រហម នៅក្នុងតំបន់២៤ ភូមិភាគបូព៌ា

ញុំ សារ៉េត ហៅម៉ឹក៖ សកម្មភាពបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍

ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមសម្លាប់ទម្លាក់ចូលក្នុង...

គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)


