ស៊ិន មុំ៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ ៥៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) ម្តាយឈ្មោះ ទយ អុល។ ខ្ញុំមានបងប្អូនបង្កើតចំនួន ០៦នាក់ស្លាប់ម្នាក់។
ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ ខ្ញុំស្ថិតក្នុងវ័យកុមារ ខ្មែរក្រហមបានបញ្ជូនឱ្យទៅរស់នៅជាមួយក្រុមកងកុមារ ដោយខ្មែរក្រហមចាត់ខ្ញុំឱ្យធ្វើការងារដូចជា៖ នៅពេលព្រឹកខ្ញុំត្រូវរៀនអានអក្សររយៈពេលមួយម៉ោងជាមួយគ្រូបង្រៀន។ បន្ទាប់មក ខ្មែរក្រហមបានប្រើខ្ញុំឱ្យដើរបេះផ្លែកប្បាស ដើម្បីផលិតសំឡី។ ខ្ញុំរស់នៅជាមួយកងកុមាររហូតនៅក្នុងរបបខ្មែរក្រហម។ ចំពោះរបបអាហារវិញ ខ្ញុំមិនមានអាហារហូបគ្រប់គ្រាន់នោះទេ ដោយទទួលបានបានតែរបបអាហារពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ខ្ញុំចាំបានថាក្រុមខ្មែរក្រហមឱ្យខ្ញុំហូបបាយសម្លព្រលិតជាមួយកូនទា ខ្ញុំមិនចេះហូបនោះទេ ដោយខ្ញុំបានយកអំបិលក្តាប់នឹងដៃរួចហូបជាមួយបាយ។ រហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះខ្ញុំ និងក្រុមគ្រួសារបានរត់ចូលព្រៃទៅដល់វត្តចក ដែលស្ថិតក្នុងស្រុកជុំគិរី។ ខ្ញុំនិងក្រុមគ្រួសារមិនបានធ្វើដំណើរទៅឆ្ងាយដូចប្រជាជនដទៃទៀតនោះទេ ដោយសារតែម្តាយខ្ញុំមានផ្ទៃពោះគ្រប់ខែ។ ក្នុងឆ្នាំ១៩៨០ របបខ្មែរបានដួលរលំ ខ្ញុំត្រូវបានឪពុកម្តាយបញ្ជូនឱ្យចូលរៀនសាជាថ្មី។ រហូតដល់ឆ្នាំ១៩៨៥ ដោយសារតែកត្តាជីវភាពគ្រួសារក្រីក្រ ទើបខ្ញុំបានឈប់រៀន។ នៅចុងឆ្នាំ១៩៨៥ ខ្ញុំរៀបការហើយរស់នៅជាប្រជាកសិករ ដោយធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ននេះ។
សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺសសៃប្រសាទ(ជំងឺផ្លូវចិត្ត)។ ចំពោះមូលហេតុដែលធ្វើឲ្យខ្ញុំកើតមានជំងឺនេះគឺមកពី កាលពីក្មេងខ្ញុំគិតច្រើនដោយសារតែឪពុករបស់ខ្ញុំ បានបោះបង់ចោលម្តាយខ្ញុំ ដោយទុកឱ្យម្តាយខ្ញុំរស់នៅចិញ្ចឹមកូនចំនួន០៦នាក់ តែម្នាក់ឯង។ ចំពោះការព្យាបាលជំងឺផ្លូវចិត្តនេះ ខ្ញុំទៅបើកថ្នាំនៅមន្ទីរពេទ្យនៅស្រុក ដើម្បីយកមកលេបជាប្រចាំថ្ងៃ។ រយៈពេលប៉ុន្មានឆ្នាំមុន ខ្ញុំមានជំងឺទាក់ទងស្បូន ដោយគ្រូពេទ្យវះកាត់ស្បូនរបស់ខ្ញុំចេញទាំងសងខាង មកដល់ពេលបច្ចុប្បន្នខ្ញុំមានការឈឺចុកចាប់ក្នុងពោះម្តងម្កាល៕
ដោយ ផាត ពន្លក
អត្ថបទទាក់ទង

អត្ថបទឈ្មោះ វើក ធឿន មានតួនាទី យុទ្ធជន មន្ទីរ វ ៦៦

ឆោម សាវុន អតីតកងចល័តវ័យកណ្ដាល

អនុយោធាវរសេនាតូច២៣៤ រៀបគម្រោងផ្តួលរំលំបដិវត្តន៍នៅតំបន់អ្នកលឿង

ការចងចាំ និងការបាត់ខ្លួននៃអតីតអ្នកជាប់ឃុំឃាំងមន្ទីរស-២១

អតីតអ្នកទោសនៅមន្ទីរសន្តិសុខតាដួង (វត្តប្រាសាទវត្ដី)


