ការរស់នៅក្នុងរបបខ្មែរក្រហមគ្មានសេរីភាពអ្វីទាំងអស់

កំពង់ធំ) ប៉ែន ផាត អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ផាត រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ ផាត មានជំងឺក្រពះពោះវៀន ដែលជាជំងឺកើតមានឡើងតាំងពីសម័យខ្មែរក្រហម អាការជំងឺនេះរួមមាន ឈឺក្ដៅក្នុងពោះ។
នៅក្នុងឆ្នាំ១៩៧៥ អង្គការបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ នៅពេលនោះ ខ្មែរក្រហមបានប្រាប់ប្រជាជនឱ្យចាកចេញពីទីក្រុង ដោយមិនឱ្យយកអីវ៉ាន់អ្វីទាំងអស់ និងបានប្រាប់ថាក្នុងរយៈពេលបីថ្ងៃនឹងឱ្យវិលត្រឡប់ចូលទីក្រុងវិញ។ ផាត បាននិយាយថា ការរស់នៅក្នុងរបបខ្មែរក្រហមគឺមានការលំបាកខ្លាំង និងគ្មានសេរីភាពអ្វីទាំងអស់។ នៅក្នុងរបបនោះ អង្គការបានបែងចែកប្រជាជនជាពីរក្រុម គឺប្រជាជនចាស់ និងប្រជាជនថ្មី។ ប្រជាជនថ្មីគឺជាប្រជាជនដែលអង្គការជម្លៀសចេញពីទីក្រុងភ្នំពេញ ដែលអង្គការឱ្យហូបចុកមិនគ្រប់គ្រាន់ និងជាក្រុមមនុស្សដែលអង្គការសង្ស័យថាជាខ្មាំង ឬជាអ្នកក្បត់។ ចំពោះរបបអាហារ អង្គការឱ្យហូបបបរលាយជាមួយត្រកួន និងបន្លែផ្សេងៗ បើបាយគឺបាយលាយចេក និងហូបដំឡូង គ្មានសិទ្ធិតវ៉ាអ្វីទាំងអស់។ ចំណែកប្រជាជនចាស់ ដែលជាប្រជាជនរស់នៅតាមបណ្ដាខេត្ត ដំបូងឡើយមានការហូបចុកគ្រប់គ្រាន់ ប៉ុន្តែក្រោយមកអង្គការតម្រូវឱ្យហូបបបរលាយជាមួយត្រកួន និងបន្លែផ្សេងៗ ដូចប្រជាជនថ្មីដែរ។
នៅក្នុងរបបខ្មែរក្រហម ផាត បានបាត់បង់សមាជិកគ្រួសារម្នាក់ មានតួនាទីជាយោធា។ ចំពោះការរៀបការ អង្គការហៅយុវជន-យុវនារីនៅក្នុងកងមកជួបជុំគ្នា និងបានរៀបចំឱ្យអង្គុយទល់មុខគ្នា។ ប្រជាជនគ្មានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ឡើយ ប្រសិនបើអង្គការរៀបចំឱ្យបែបណាគឺត្រូវតែទទួលយក។ ការរៀបការនាពេលនោះត្រូវធ្វើឡើងម្ដងៗគឺច្រើនគូ ជាក់ស្ដែងពេល ផាត រៀបការគឺម្ដងចំនួន៣០គូ។ ចំពោះការធ្វើទារុណកម្មវិញ ផាត ធ្លាប់បានឃើញអង្គការចាប់ប្រជាជន យកទៅដាក់គុករួចបង្អត់បាយ និងវាយសួរចម្លើយចោទប្រកាន់ថាជាប់ខ្សែបណ្ដាញខ្មាំង។
ពាក់ព័ន្ធនឹងវប្បធម៌ និងការអប់រំ នៅសម័យនោះមានកន្លែងខ្លះអង្គការឱ្យរៀនសូត្រ ចំណែកកន្លែងខ្លះទៀតមិនបានរៀនសូត្រឡើយ គឺគិតតែឱ្យធ្វើការ។ ជាទូទៅ អង្គការមិនឱ្យមានការរៀនសូត្រឡើយ ហើយអង្គការបានប្រើក្មេងៗឱ្យធ្វើជាអ្នកសើបការណ៍រឿងរ៉ាវរបស់ឪពុកម្ដាយខ្លួនយកទៅប្រាប់អង្គការ។ ផ្នែកសាសនា ព្រះសង្ឃត្រូវអង្គការចាប់ផ្សឹកឱ្យមកធ្វើការដូចប្រជាជនទូទៅ ឯវត្តអារាមត្រូវអង្គការបានវាយបំផ្លិចបំផ្លាញចោល។
នៅក្នុងរបបនោះ អង្គការច្រើនតែជ្រើសរើសមនុស្សមិនចេះអក្សរឱ្យធ្វើជាអ្នកដឹកនាំនៅក្នុងក្រុម។ ប្រសិនបើអង្គការចាប់បានថាមាននរណាម្នាក់ធ្វើល្មើសបទបញ្ជា អង្គការដឹងនឹងយកទៅវាយចោល មិនលើកលែងសូម្បីតែម្ដាយឪពុករបស់ខ្លួនឡើយ។
សម្ភាសន៍ដោយ៖ អ៊ឹម តាំងស្រៀង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







