ឧស្សាធ្វើពុតជាឈឺ និងរត់ទៅរកម្ដាយនៅផ្ទះ

អង្គការវាយធ្វើបាបខ្ញុំណាស់ និងបញ្ជូនខ្ញុំឲ្យចេញពីសហករណ៍ ព្រោះជាញឹកញាប់ខ្ញុំបានធ្វើពុតជាឈឺ និងគេចពីការងារទៅរកម្ដាយនៅផ្ទះ។ នៅពេលរត់ទៅផ្ទះ អង្គការបានធ្វើការកសាងម្ដាយរបស់ខ្ញុំជាច្រើនដង ប៉ុន្តែម្ដាយរបស់ខ្ញុំតែងតែកាន់ជើងកូន និងស្ដីបន្ទោសទៅកាន់ប្រធានកងដែលវាយធ្វើបាបខ្ញុំ។
ទី គិន[1] អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង គិន បានរៀនត្រឹមថ្នាក់ទី១០(បច្ចុប្បន្នថ្នាក់ទី៣) និងចេះអានអក្សរបន្តិចបន្តួច។ គិន មានបងប្អូន៥នាក់ ក្នុងនោះគាត់គឺជាកូនទី៣។ បងប្អូនរបស់គិន ត្រូវបានអង្គការបញ្ជូនទៅក្នុងកងនារី, កងយុវជន និងប្អូនរស់នៅក្នុងមណ្ឌលកុមារ។ ចំពោះឪពុករបស់គិន អង្គការបានចាត់តាំងឲ្យគាត់ធ្វើការដាំដំណាំ ហើយម្ដាយធ្វើការក្នុងសហករណ៍តាមអង្គការចាត់តាំង ប៉ុន្តែនៅពេលគាត់មានជំងឺធ្ងន់ទើបត្រូវដេកឈឺនៅផ្ទះ។ នៅពេលម្ដាយឈឺ ឪពុករបស់គិន បានលួចអង្ករពីកន្លែងធ្វើការមកដាំបាយឲ្យប្រពន្ធនៅផ្ទះហូប។
នៅក្នុងសម័យខ្មែរក្រហម គិន មានអាយុជាង១០ឆ្នាំ។ មុនដំបូង គិន មិនទាន់ធ្វើការងារនោះទេ ហើយថែមទាំងបានរៀនសូត្របន្តិចបន្តួចជាមួយគ្រូដែលអង្គការរៀបចំនៅក្នុងភូមិព្រៃបាសឹង។ ប៉ុន្តែនៅពេលដែលគ្រូទាញស្លឹកត្រចៀក គិន ឡើងលើខ្លាំង គាត់បានស្រែកជេរគ្រូ និងរត់ត្រលប់ទៅផ្ទះវិញ ហើយគ្រូបង្រៀនបានធ្វើដំណើរទៅតាម។ នៅពេលទៅដល់ផ្ទះ ម្ដាយរបស់គិនបានធ្វើការស្ដីបន្ទោសគ្រូបន្ថែមទៀត ព្រមទាំងបោះសម្ដីថា “នែកូនអញតាំងពីតូចមកមិនដែលវាយមួយរំពាត់ផង ង៉ែងមកទាញស្លឹកត្រចៀកកូនអញបានចិញ្ចឹមបាយពីអង្កាល”។ នៅពេលឮដូច្នេះ គិន ត្រូវបានហាមឃាត់មិនឲ្យទៅរៀនបន្តទៀត ហើយអង្គការបានចាត់តាំងគាត់ឲ្យទៅក្នុងក្រុមឃ្វាលគោ និងអាចមកសម្រាកជាមួយម្ដាយឪពុកនៅផ្ទះ។
មិនយូរប៉ុន្មាន អង្គការបានបញ្ជូន គិន ទៅក្នុងក្រុមកងចល័តកុមារនៅភូមិព្រៃបាសឹង ព្រោះគាត់មិនសូវស្ដាប់បង្គាប់។ នៅក្នុងកងកុមារ ប្រធានកងរបស់គិន បានវាយធ្វើបាបគាត់ណាស់ ហើយម្ដាយរបស់គិនតែងតែកាន់ជើងកូនបន្តទៀតរហូតដល់អង្គការបញ្ជូន គិន ឲ្យទៅក្នុងកងយុវជនទាំងដែលគាត់មានរាងតូចជាងកុមារផ្សេងទៀត។ នៅក្នុងកងយុវជន គិន បានទៅធ្វើការរែកដី លើកទំនប់ និងជីកប្រឡាយរហូតដល់រដូវវស្សា ទើបគាត់ផ្លាស់ទៅធ្វើស្រែនៅក្បែរសហករណ៍ពន្លៃ។
នៅក្នុងភូមិពន្លៃ គិន ត្រូវធ្វើការរែកសំណាបទៅត្រាំក្នុងទឹកលាមកមនុស្សខាប់ៗលាយជាមួយផេះនៅក្នុងលូ ហើយនៅព្រឹកថ្ងៃបន្ទាប់ គាត់រែកសំណាបនោះយកទៅហុចឲ្យដល់ដៃអ្នកស្ទូងក្នុងស្រែ ចាប់ពីក្បែរៗសហករណ៍ រហូតដល់ភូមិព្រៃបាសឹង។ នៅពេលសម្រាក គិន បានឆ្លៀតពេលដើររកចាប់សត្វក្ដាម, ខ្យង, កង្កែប និងសត្វផ្សេងទៀត យកទៅលួចអាំងហូប ព្រោះរបបអាហារដែលគាត់ទទួលបាននៅក្នុងសហករណ៍ភាគច្រើនគឺជាបបររាវៗប៉ុណ្ណោះ។ បន្ទាប់ពីស្ទូងរួចរាល់ គិន ត្រូវទៅធ្វើការជាន់រហាត់ទឹកនៅទួលចារបញ្ជូលក្នុងស្រែ និងផ្លាស់ទៅធ្វើការផ្សេងៗទៀតតាមការចាត់តាំងរបស់អង្គការ។ ថ្ងៃមួយអំឡុងពេល គិន ធ្វើការងារឈ្មោះ ស៊ីថា បានហៅគាត់ឲ្យទៅធ្វើការបេះផ្ទី ឬរកបន្លែផ្សេងៗទៀត និងម្ហូបត្រីសាច់សម្រាប់ក្រុមកងចល័ត។
នៅកន្លែងចម្អិនអាហារ គិន បានហូបអាហារគ្រាន់បើជាងមុន ហើយគាត់បានលួចយកអាហារដែលរកបានទៅឲ្យម្ដាយនៅផ្ទះពេលយប់បន្ថែមទៀត។ ក្រៅពីនេះ គិន ឧស្សាធ្វើពុតជាឈឺដើម្បីចង់បានថ្នាំរាងដូចអាចម៍ទន្សាយ ដែលអង្គការធ្វើដោយខ្លួនឯងពីដំឡូងមី លាយជាមួយស្ករយកមកហូប ឬថ្នាំហើម ដែលធ្វើដោយការយកកន្ទក់ទៅលីងជាមួយស្ករហូបឲ្យមានកម្លាំង។ មួយវិញទៀត គិន ធ្វើពុតជាឈឺដើម្បីបានការអនុញ្ញាតពីប្រធានកងទៅសម្រាកនៅផ្ទះ និងឆ្លៀតយកអាហារឲ្យម្ដាយបន្ថែមទៀត ប៉ុន្តែនៅថ្ងៃបន្ទាប់គាត់ត្រូវត្រលប់ទៅធ្វើការងារឲ្យទាន់ពេលវេលាវិញ។
ក្រោយមក នៅពេល គិន ធ្វើការរកម្ហូបសម្រាប់កងចល័តនៅក្នុងវត្តរំលក អង្គការបានចាត់តាំងឲ្យគាត់ទៅប្រទេសចិន។ នៅពេលធ្វើដំណើរ គិន បានជិះរទេះរបស់អង្គការកាត់តាមភូមិរបស់គាត់ និងទៅហូបបាយនៅភូមិតាអី ប៉ុន្តែ គិន មិនបានចុះទៅប្រាប់ដំណឹងដល់ម្ដាយនោះទេ។ គិន បានធ្វើដំណើរទៅដល់ព្រៃល្វា និងសម្រាកនៅទីនោះពីរថ្ងៃ ទើបអង្គការបានប្រាប់ទៅគាត់វិញថា អ្នកដែលត្រូវទៅចិនបានចេញដំណើររួចរាល់ហើយ ដូច្នេះ អង្គការផ្ដល់ជម្រើសពីរដល់គាត់។ ជម្រើសទី១ គិន ត្រូវធ្វើការនៅកន្លែងស្រុកព្រៃកប្បាសនេះ និងទី២ គាត់ត្រូវទៅធ្វើជាយោធា ប្រយុទ្ធជាមួយទាហានវៀតណាម។ នៅពេលឮដូច្នេះ គិន បានសុំអង្គការត្រលប់ទៅឃុំវិញ ប៉ុន្តែត្រូវបានបដិសេធ ទើបគាត់សម្រេចចិត្តទៅធ្វើជាយោធា។
នៅពេលធ្វើជាយោធា ការរស់នៅ និងការហូបអាហាររបស់ គិន គឺបានល្អប្រសើរជាងមុន ព្រោះអង្គការមើលឃើញគាត់មានរូបរាងតូចជាងអ្នកផ្សេង ដូច្នេះត្រូវធ្វើការក្នុងបន្ទាយកាំភ្លើងធំ ឬយកបាយឲ្យយុវជននៅខ្សែត្រៀមមុនពេលចេញប្រយុទ្ធ។ គិន បន្តថា ក្មេងៗដែលមានអាយុប្រហាក់ប្រហែលគាត់ពេលនោះគឺក្លាហាន និងរហ័សរហួនណាស់ក្នុងការធ្វើការ និងមិនខ្លាចស្លាប់ទាល់តែសោះក្នុងការដឹកជញ្ជូនអាហារទៅឲ្យយុវជន ឬជញ្ជូនគ្រាប់ និងភ្ចាប់ខ្សែកាំភ្លើងធំដើម្បីបាញ់ប្រយុទ្ធពីក្រោយ។ បន្ទាប់មក ក្រុមរបស់គិន បានផ្លាស់ទៅដល់ម្ដុំ អកមេណ ក្បែរទន្លេមេគង្គ ដែលជាកន្លែងគាត់ប្រចាំការយូរជាងគេ។
នៅទីនោះ គិន ត្រូវបានអង្គការបញ្ជូនទៅត្រើយខាងកើតរយៈពេលមួយខែ ទើបត្រលប់ក្រោយវិញ ព្រោះគាត់មានរូបរាងតូចជាងគេ។ នៅពេលត្រលប់មកវិញ គិន បានជួបអ្នកភូមិជាមួយគ្នាដែលទើបតែចូលធ្វើជាយោធា ហើយគាត់បានប្រាប់ដំណឹងថា ម្ដាយរបស់គិន បានស្លាប់បាត់ទៅហើយដោយសារឈឺគ្មានថ្នាំព្យាបាល និងខ្វះខាតអាហារហូប។ គិន បន្តធ្វើការក្នុងបន្ទាយរយៈពេលកន្លះឆ្នាំទៀត ទើបមានសង្រ្គាមកាន់ខ្លាំងជាមួយទាហានវៀតណាម។ នៅដើមខែមករា ឆ្នាំ១៩៧៩ គិន បានរត់ភៀសខ្លួនទៅភ្នំលិច រហូតដល់ចុងឆ្នាំទើបគាត់ត្រលប់ទៅផ្ទះវិញ។
ក្រោយមក គិន បានមើលការកាត់ទោសមេដឹកនាំរបបខ្មែរក្រហម ហើយគាត់យល់ថាតុលាការកាត់ទោសអ្នកធ្វើខុសនេះគឺល្អណាស់ដើម្បីស្វែងរកយុត្តិធម៌ដល់ប្រជាជន និងអាចការពារកុំឲ្យរបប ប៉ុល ពត កើតឡើងម្ដងទៀត។ មួយវិញទៀត គិត ចង់ឲ្យមានការប្រមែលប្រមូល និងចងក្រងឯកសារប្រវត្តិសាស្រ្តខ្មែរក្រហមដើម្បីរក្សាទុក និងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យបានដឹង។ នៅពេលផ្ដល់បទសម្ភាសន៍ គិន មានជំងឺ លើសឈាម, លើសជាតិស្ករ និងហើមស្មា និងដៃ។ គិន បន្តថាជំងឺរបស់គាត់កើតឡើងនៅពេលអាយុច្រើន ហើយគាត់បានទៅពិនិត្យ និងទិញថ្នាំពីពេទ្យឯកជនយកមកលេប។
[1] ជួបជាមួយឈ្មោះ ទី គិន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយ ថៃ ស៊ីណា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទដោយ៖ ភា រស្មី

