ផេង សុខ៖ ថ្ងៃ១៣រោច ខែភទ្របទ

ផេង សុខ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ផេង សុខ ភេទស្រី មានអាយុ ៧៦ឆ្នាំ។ សុខ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុខ បានកំព្រាឪពុកម្ដាយតាំងពីអាយុ៣ខែ។ សុខ មានឪពុកចិញ្ចឹមឈ្មោះ ហួន ផេង និងម្ដាយចិញ្ចឹមឈ្មោះ យឹម ណេង។ នៅអាយុ៩ឆ្នាំ សុខ បានចូលរៀននៅសាលាវត្តអង្គពពាយមានជ័យ ហើយគាត់បានឈប់រៀនត្រឹមថ្នាក់អទិកដ្ឋាន។ បន្ទាប់ពីឈប់រៀន សុខ ប្រកបរបរធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៦៣ សុខ បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ មុត វ៉ន ហើយអ្នកទាំងពីរបានមករស់នៅខេត្តបាត់ដំបងដែលជាស្រុកកំណើតប្តីរបស់គាត់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ ការរស់នៅរបស់ក្រុមគ្រួសារសុខជួបការលំបាក។ នៅខែកុម្ភៈ ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់សុខ ដែលកាលនោះគាត់មានកូនចំនួន៥នាក់ បានភៀសខ្លួនចេញពីផ្ទះ។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ក្រុមគ្រួសាររបស់សុខ ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យ សុខ ត្រលប់ទៅរស់នៅផ្ទះរបស់គាត់វិញនោះទេ។ ខ្មែរក្រហមបានចាត់ទុកក្រុមគ្រួសាររបស់សុខជាប្រជាជនថ្មី ហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានខ្មែរក្រហមរឹបអូស។ ខ្មែរក្រហមដែលស្គាល់ក្រុមគ្រួសារសុខពីមុន បានចុះបញ្ជីប្រវត្តិរូបថាក្រុមគ្រួសារគាត់ជា “ពួកសក្តិភូមិ” ឬជាកសិករមានធនធានដែលមិនចូលរួមចលនាតស៊ូខ្មែរក្រហម។ សុខ និយាយថា “គេយកអីក៏យកទៅ សុំតែសុខទេ!”។

ក្រោយមក ខ្មែរក្រហមចាត់តាំងឲ្យ សុខ ធ្វើជាមេក្រុម ដោយគាត់ត្រូវធ្វើដកស្ទូង និងច្រូតស្រូវ។ ចំណែកប្តីរបស់គាត់ត្រូវភ្ជួររាស់ និងដាំពោត។ ឪពុករបស់គាត់ត្រូវឃ្វាលគោ ហើយម្ដាយរបស់គាត់មើលក្មេង និងកូនរបស់គាត់នៅរោងកុមារ។ នៅចុងឆ្នាំ១៩៧៥ ដោយសារគ្រោះទឹកជំនន់ ប្រជាជនរស់នៅក្នុងភូមិស្វាយស ទទួលបានតែបបររាវមួយវែកប៉ុណ្ណោះក្នុងមួយពេល។ សុខ តែងតែរកមើមរំចង់, គល់ចេក, ត្រកួន និងធាងដំឡូងយកមកលាយបន្ថែមជាមួយបបរ។ ដោយសារគាត់ហូបចុកមិនគ្រប់គ្រាន់ និងធ្វើការហួសកម្លាំង សុខ កើតជំងឺគ្រុនចាញ់។ ចំណែកកូនម្នាក់របស់សុខ ដែលកាលនោះមានអាយុទើបតែ៣ឆ្នាំ បានកើតជំងឺរាករហូតដល់ស្លាប់។

នៅឆ្នាំ១៩៧៧ សុខ មានផ្ទៃពោះ និងធ្វើការនៅរោងកិនស្រូវ។ សុខ ចងចាំថា ជារៀងរាល់ថ្ងៃ១៣កើត ខ្មែរក្រហមចែកអង្ករ, ថ្ងៃ៧កើត ខ្មែរក្រហមចែកចេក និងថ្ងៃ១០កើត ខ្មែរក្រហមចែកសណ្តែកឲ្យគាត់ហូប។ សុខ តែងតែសន្សំអង្ករ និងសណ្តែកទុកធ្វើនំអន្សមដូង។ នៅខែភទ្របទ ឆ្នាំ១៩៧៧ សុខ ដែលកំពុងចម្អិនអន្សម បានឈឺពោះជិតសម្រាលកូន។ នៅយប់នោះ ប្តីនិងឪពុកម្ដាយរបស់គាត់ត្រូវទៅចូលរួមប្រជុំ ហើយគាត់ត្រូវសម្រាលកូនតែម្នាក់ឯង។

នៅឆ្នាំដដែល កម្មាភិបាលភូមិភាគនិរតី បានចូលមកគ្រប់គ្រងប្រជាជនរស់នៅភូមិភាគពាយ័ព្យ។ កម្មាភិបាលភូមិភាគនិរតី បានចាប់ខ្លួន និងសម្លាប់កម្មាភិបាលភូមិភាគពាយ៏ព្យជាច្រើននាក់។ ការហូបចុកមានការលំបាក ដោយសារក្នុងមួយថ្ងៃ សុខ ទទួលបានតែដំឡូង៣ខាំប៉ុណ្ណោះ។ សុខ និយាយថា ដំឡូងទាំងនោះដាំនៅភូមិតាគ្រាម ខាងលិចភ្នំសំពៅ។

នៅឆ្នាំ១៩៧៨ បុរសជាច្រើននៅក្នុងភូមិ រួមទាំងប្តីរបស់សុខ ត្រូវបានកម្មាភិបាលភូមិភាគនិរតីបញ្ជូនទៅធ្វើការនៅកន្លែងផ្សេង។ នៅថ្ងៃ១៣រោច ខែភទ្របទ ខ្មែរក្រហមបានបញ្ជូនប្តីរបស់សុខទៅធ្វើការនៅមន្ទីរពេទ្យ។ យប់ឡើង សុខ ដែលរង់ចាំប្តី សម្រាន្តមិនលក់ និងមិនហ៊ាននិយាយស្តីអ្វីទាំងអស់។ សុខ និយាយថា “ខ្ញុំដេកយំឱបកូន”។ ស្អែកឡើង សុខ យល់សប្តិឃើញប្តីរបស់គាត់ត្រលប់មកផ្ទះ និងអង្គុយលើអង្រឹង។ អស់រយៈពេល៧យប់ សុខ តែងតែសុបិនឃើញប្តីរបស់គាត់។ សុខ រំឭកថា គាត់ជួបប្តីរបស់គាត់ដំបូងតាំងពីគាត់មានអាយុ១៣ឆ្នាំ។ នៅពេលនោះ ប្តីរបស់គាត់ ជាលោកនេន នៅវត្តអង្គពពាយ។ សុខ តែងតែនិយាយរឿងទាំងនេះ ប្រាប់មេភូមិថ្មី ដែលមករស់នៅជិតផ្ទះរបស់សុខ។ ដូច្នេះមេភូមិនោះតែងតែចែកអាហារបន្តិចបន្តួចដល់ក្រុមគ្រួសារគាត់ ដោយសេចក្តីអាណិត។ នៅចុងឆ្នាំ១៩៧៨ ក្រុមគ្រួសារសុខ ត្រូវបានខ្មែរក្រហមជម្លៀសទៅស្នាក់នៅភូមិតាគ្រាមចំនួន២យប់ ទើបប្អូនថ្លៃរបស់គាត់ មកនាំក្រុមគ្រួសារសុខទៅរស់នៅភ្នំសំពៅ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ក្រុមគ្រួសាររបស់សុខ បានមករស់នៅម្តុំនរា។ នៅទីនោះ សុខ ជួបបុរសម្នាក់ដែលរស់រានមានជីវិតពីវត្តសម្តេច ស្ថិតក្នុងឃុំតាប៉ុន។ បុរសម្នាក់នោះ ប្រាប់សុខថា នៅវត្តសម្តេចមានមន្ទីរពេទ្យមួយកន្លែង ហើយវិហារក្នុងវត្តក្លាយជាមន្ទីរឃុំឃាំងអ្នកទោស។ បុរសនោះបន្តថា មានអ្នកទោសជាច្រើនរយនាក់ រួមទាំងប្តីរបស់សុខ ត្រូវខ្មែរក្រហមវាយសម្លាប់។ បុរសនោះនិយាយថា គាត់បានតដៃជាមួយខ្មែរក្រហម និងរត់ទៅពួននៅគុម្ពស្រូវ ទើបគាត់បានរស់រានមានជីវិត។

នៅខែកញ្ញា ឆ្នាំ១៩៧៩ ក្រុមគ្រួសាររបស់សុខ និងសាច់ញាតិទាំងអស់ចំនួន៧គ្រួសារ បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ត្រលប់មករស់នៅភូមិកំណើតវិញ។ សុខ ត្រូវធ្វើដំណើរដោយថ្មើរជើងអស់រយៈពេលជិត២ខែ ទើបគាត់មកដល់។ សុខ​ ពនិងដឹកដៃកូនៗរបស់គាត់។ សុខ មានកូនចំនួន៦នាក់ មានក្នុងនោះស្រី៣នាក់។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កូនរបស់សុខម្នាក់ទៀត ដែលមានអាយុ២២ឆ្នាំ បានស្លាប់ នៅពេលទៅធ្វើជាសេនាជននៅភ្នំក្រពើ។ ជាចុងក្រោយ សុខ រៀបរាប់ទាំងទឹកភ្នែកថា “អកុសល ប្តីខ្ញុំត្រូវគេយកទៅសម្លាប់!”៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin