យើងគ្មានសិទ្ធិរើសមនុស្សដែលយើងស្រលាញ់បានទេ

កំពង់ធំ៖ អ៊ឹម ប៊ុនធឿន អាយុ៥៤ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ពីប្រវត្តិជូរចត់កាលពីសម័យខ្មែរក្រហម។ បច្ចុប្បន្ន ប៊ុនធឿន មិនមានជំងឺប្រចាំកាយឡើយ។
នៅក្នុងរបបខ្មែរក្រហម ប៊ុនធឿន ធ្វើការងារនៅក្នុងកងកុមារ។ នៅពេលនោះ អង្គការបានចាត់តាំងកុមារតូចៗឱ្យរើសកួរស្រូវ, កាប់ទន្ទ្រានខែត្រ, រើសលាមកគោ លាមកមនុស្ស ព្រមទាំងជីកដីដំបូកយកមកលាយបញ្ចូលគ្នាធ្វើជីសម្រាប់ដាក់ឱ្យស្រូវមានជីវជាតិ។ ប៊ុនធឿន បាននិយាយថានៅក្នុងរបបនោះ ទោះបីជាស្រូវទទួលបានទិន្នផលច្រើនយ៉ាងណា អង្គការផ្តល់ឱ្យត្រឹមតែបបររាវៗហូបប៉ុណ្ណោះ។ អង្គការតែងតែវាល់របបអាហារចែកប្រជាជន មិនអនុញ្ញាតឱ្យហូបឆ្អែតឡើយ។ បន្ថែមពីលើនេះ អង្គការបានចាត់តាំងឈ្លបចុះមកពិនិត្យមើលដំណាំនៅតាមផ្ទះសំបែងយ៉ាងតឹងរ៉ឹង ព្រោះខ្លាចមានប្រជាជនលួចហូបដំណាំទាំងអស់នោះ។
ឈ្លបរបស់អង្គការតាមរាប់ចំនួនផ្លែឈើ មានផ្លែល្ហុងឬផ្លែចេក រួចហាមឃាត់ម្ចាស់ផ្ទះមិនឱ្យបេះហូបឡើយ។ ប្រសិនបើមាននរណាហ៊ានបេះហូប អង្គការចោទថាជាខ្មាំង។ ពេលដំណាំចាស់ទុំ ឈ្លបនឹងបេះយកទៅរោងបាយរួមទាំងអស់។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជាគោ ឬសម្ភារផ្សេងៗ ត្រូវអង្គការរឹបអូសយកទៅដាក់ជាទ្រព្យសម្បត្តិរួមទាំងអស់។ ការងារគ្រប់បែបយ៉ាងត្រូវបែងចែកជាក្រុម ដូចជាក្រុមធ្វើស្រែ ក្រុមបេះត្រកួន ក្រុមដេញចាប ក្រុមរែកដី ក្រុមលើកទំនប់ និងក្រុមជីកប្រឡាយ។ នៅក្នុងរបបខ្មែរក្រហម ចំពោះរបបអាហារជួនកាលមានបាយលាយត្រកួន ឬលាយគល់ចេក។ ដើម្បីមានជីវិតរស់ ពេលល្ងាចស្ងាត់ ប៊ុនធឿន តែងតែលួចដើរវាយកង្កែបសម្រាប់ហូបបន្ថែម ពីព្រោះហូបអាហារដែលអង្គការផ្ដល់ឱ្យមិនឆ្អែត។
ចំពោះការរៀបអាពាហ៍ពិពាហ៍ អង្គការបានជាអ្នកដែលមានសិទ្ធិរៀបចំកម្មវិធីឱ្យយុវជន-យុវនារីទាំងអស់។ យុវជន-យុវនារី គ្មាននរណាម្នាក់មានសិទ្ធិជ្រើសរើសគូស្រករតាមក្តីស្រលាញ់ឡើយ, ពិធីរៀបការម្តងៗ មានចាប់ពី១០គូ រហូតដល់៣០គូ។ អង្គការរៀបចំយ៉ាងណា គ្រប់គ្នាត្រូវតែធ្វើតាម នរណាហ៊ានប្រឆាំងតវ៉ាអង្គការនឹងយកអ្នកនោះទៅវាយចោលភ្លាម។ នៅក្នុងរបបខ្មែរក្រហម វិស័យអប់រំស្ទើរតែបាត់បង់ទាំងស្រុង អ្នកខ្លះបានរៀនសូត្រតិចតួច អ្នកខ្លះទៀតពុំបានរៀនសូត្រសោះ ព្រោះអង្គការគិតតែពីបង្ខំឱ្យធ្វើការងារ។ នៅក្នុងរបបនោះ អ្នកចេះដឹងត្រូវរស់នៅលាក់អត្តសញ្ញាណធ្វើពុតជាអ្នកមិនចេះអក្សរ ពីព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់ចោល។ ក្រៅពីនោះ អង្គការបានចាប់បង្ខំព្រះសង្ឃឱ្យលាចាកសិក្ខាបទ រួចបញ្ជូនទៅធ្វើការងារដូចប្រជាជនទូទៅ។ ជារៀងរាល់ព្រឹក អង្គការចាត់តាំងឱ្យប្រជាជនយកញញួរទៅវាយកម្ទេចរូបព្រះពុទ្ធប្បដិមាចោល។
នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ប៊ុនធឿន ស្ទើរតែត្រូវបាត់បង់ជីវិតទាំងអស់គ្នា ពីព្រោះអង្គការបានស៊ើបដឹងពីប្រវត្តិការងារពីមុនរបស់ឪពុកគាត់ និងបានកំណត់ពេលជាក់លាក់ ដើម្បីយកគ្រួសាររបស់គាត់ទៅសម្លាប់ចោល។ សំណាងល្អ នៅពេលនោះកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលមករំដោះខេត្តកំពង់ធំទាន់ពេលវេលា។
សម្ភាសន៍ដោយ៖ អ៊ឹម តាំងស្រៀង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







