ដើម ឈឿន៖ សូម្បីតែក្តួចក៏មិនស្គាល់

(សៀមរាប)៖ ដើម ឈឿន ភេទស្រី មានអាយុ៥០ឆ្នាំ។ ឈឿន រស់នៅនិងមានភូមិកំណើតនៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឈឿន មានឪពុកឈ្មោះ គិញ, ម្ដាយឈ្មោះ លន់ និងមានបងប្អូនទាំងអស់ចំនួន៨នាក់។
នៅរបប លន់ នល់ ឪពុករបស់ឈឿន ធ្វើជាកម្មករនៅត្រពាំងស្វាយ។ ឈឿន ត្រូវនៅផ្ទះជាមួយម្ដាយ។ ក្រោយពីមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់គាត់ ក្រុមគ្រួសាររបស់ឈឿន បានរត់គេចទៅរស់នៅក្នុងព្រៃ។ បងប្រុសរបស់ឈឿនម្នាក់បានបាត់ខ្លួន នៅពេលចូលរួមចលនាតស៊ូខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុកក្រុមគ្រួសាររបស់ឈឿនជាប្រជាជនចាស់ ហើយឪពុករបស់ឈឿន ធ្វើជាមេភូមិ។ ឈឿន និយាយថា “ឪពុកខ្ញុំជាមេភូមិ ដូច្នេះខ្ញុំមិនសូវយ៉ាប់ប៉ុន្មានទេ!”។ ជារៀងរាល់ថ្ងៃ ឈឿន ត្រូវកាប់ទន្ទ្រានខេត្តឲ្យបាន១បាច់។ ក្រៅពីនេះ ឈឿន ត្រូវចិញ្រ្ចាំទន្ទ្រានខេត្តដាក់ក្នុងអន្លង់, បាចជីដាក់វាលស្រែ និងដើរបោចស្មៅ។ ក្នុងមួយពេល ឈឿន ទទួលបានបបរលាយជាមួយគ្រាប់ឈូក ឬដំឡូងជ្វាចំនួន១វែក។ ឈឿន ត្រូវខ្មែរក្រហមបង្អត់អាហារ និងឲ្យអង្គុយហាលថ្ងៃ ដោយសារគាត់មិនទៅកាប់ទន្ទ្រានខេត្ត។ នៅពេលយប់ ឈឿន និងកុមារដទៃទៀតនៅក្នុងក្រុម បានទៅលួចស្រូវម្នាក់មួយក្ដាប់យកមកដំាហូប។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឈឿន បានត្រលប់មកធ្វើស្រែចម្ការនៅភូមិកំណើត។ ក្រោយមក ឈឿន បានរៀបការជាមួយប្តីឈ្មោះ ពុធវណ្ណ និងមានកូនទាំងអស់ចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់។ កូនរបស់ឈឿន មានឈ្មោះ ឈូន, វួច, វេន, វ៉ាន់, វើយ, វ៉េត, ស្រីមុំ និងវុធ។ ឈឿន ធ្លាប់រៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ក្មេងជំនាន់ក្រោយ ប៉ុន្តែក្មេងជំនាន់ក្រោយមិនជឿ ហើយសូម្បីតែក្តួចក៏មិនស្គាល់ដែរ៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦







