មល់ វី៖ ពិការភាពធ្វើឲ្យខ្ញុំលំបាករកអ្វីប្រៀបពុំបានទេ

មល់ វី[1] មានអាយុ៥១ឆ្នាំ និងរស់នៅក្នុងភូមិយាងខាងត្បូង ស្រុកអន្លង់វែង បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន១៤នាក់ (ប្រុស៧នាក់ និងស្រី៧នាក់)។ ខ្ញុំបានមកកាន់តំបន់អន្លង់វែងតាំងពីអាយុ២០ឆ្នាំ អំឡុងឆ្នាំ១៩៨៧-១៩៨៨ ដោយសារតែមានទំនាក់ទំនងជាមួយខ្មែរក្រហម។ បងស្រីជីដូនមួយរបស់ខ្ញុំឈ្មោះ ថាន រស់នៅជាមួយខ្មែរក្រហម។ ខ្ញុំពិការដៃម្ខាង នៅពេលដែលកងទ័ពវៀតណាមវាយប្រយុទ្ធជាមួយខ្មែរក្រហម។ ខ្ញុំមានបំណងថាចង់វិលត្រឡប់ទៅខាងក្នុងវិញ។ បន្ទាប់មក ទាហានម្នាក់ក៏បានចូលមក ហើយទម្លាក់កាំភ្លើងទៅលើដី។ ទាហាននោះបានប្រាប់ថា«ទុកកាំភ្លើងឲ្យខ្ញុំបន្ដិច»។ ខ្ញុំក៏បានយកដៃលើកកាំភ្លើងនោះឡើងហើយផ្ទុះតែម្ដង។ ការផ្ទុះបណ្ដាលឲ្យដៃរបស់ខ្ញុំពិការម្ខាង នៅឯចំណុចភូមិទួលប្រាសាទ ស្រុកកំពង់លែង។ ភ្លាមៗនោះ ខ្ញុំមិនដឹងថាខ្លួនឯងត្រូវរបួសទេ។
ចាប់តាំងពីរបួសមក ខ្ញុំមានស្មារតីមិននឹងនរនោះទេ ភ្លេចច្រើន ហើយបាត់បង់ការផ្ដោតអារម្មណ៍ទៅលើអ្វីមួយ។ សព្វថ្ងៃនេះ ខ្ញុំព្យាយាមពង្រឹងការចងចាំខ្លួនឯងបន្ដិចម្ដងៗ។ កងទ័ពខ្មែរក្រហមបានព្យាបាលខ្ញុំ។ នៅពេលនោះ ខ្ញុំចង់ចូលភូមិដែរ។ ប៉ុន្ដែដោយសារមានពាក្យចរចាមអារាមមិនល្អដែលធ្វើឲ្យយើងគិតពីសុខសុវត្ថិភាព ខ្ញុំក៏មិនហ៊ានចូលរស់នៅក្នុងភូមិខ្លួនឯងវិញ។ ខ្ញុំបានរស់នៅបែកពីឪពុកម្ដាយ។ រាល់តែពេលយើងនឹកគាត់ទាំងពីរ ខ្ញុំតែងតែសរសេរសំបុត្រទៅគាត់ ដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក។ ប៉ុន្ដែទំនាក់ទំនងបែបនេះមិនបានឲ្យយើងដឹងពីសុខទុក្ខក្រុមគ្រួសារជាប់លាប់ឡើយ ដោយសារតែយើងផ្លាស់ទីញឹកញាប់។ នៅពេលណាខ្ញុំនឹកឪពុកម្ដាយ ខ្ញុំបានសរសេរសំបុត្រ ហើយផ្ញើតាមកងទ័ពខ្មែរក្រហម ដើម្បីធ្វើយ៉ាងណាឲ្យសំបុត្របានដល់គាត់។ ផ្ទុយមកវិញ ក្រុមគ្រួសាររបស់ខ្ញុំមិនធ្លាប់ផ្ញើសំបុត្រត្រឡប់មកកាន់ខ្ញុំវិញទេ ដោយសារគាត់មិនស្គាល់ខ្សែរយៈរបស់ខ្ញុំ។
ខ្ញុំក៏ធ្លាប់ឮសំឡេងអំពាវនាវដល់បងប្អូនវង្វេងផ្លូវឲ្យវិលត្រឡប់ទៅរស់នៅភូមិឋាន ដោយមិនយកទោសយកពៃរ៍ដែរ។ ខ្ញុំយល់ថា ចង្កឹះមួយបាច់ បើដកចង្កឹះយើងតែមួយក៏កាច់មិនបាក់ដែរ។ ធម្មតា ខ្ញុំរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ខ្ញុំមិនងាយនឹងទៅណាមកណាបាននោះទេ។ សម្រាប់ខ្ញុំចង់ចូលមករស់នៅក្នុងភូមិស្ថានរបស់ខ្លួនវិញណាស់។ ប៉ុន្ដែខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅណាមកណាបានដោយសេរីឡើយ។ នៅពេលនោះ ខ្ញុំស្ដាប់ឮសំឡេងផ្លុំស្នែងដែលអន្ទងឲ្យយើងចង់វិលត្រឡប់ទៅកាន់ភូមិឋាន។ ពេលខ្លះ សូម្បីតែសំឡេងផ្គរលាន់ក៏អាចធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកបានដែរ ដោយសារនឹកឪពុកម្ដាយពេក។
ការរស់នៅជាមួយខ្មែរក្រហម គឺមានសភាពជាធម្មតា ប៉ុន្តែមិនមានសិទ្ធិសេរីភាព។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនកងនារីទាំងអស់ឲ្យមកកាន់តំបន់ជួរភ្នំដងរែក (តំបន់អន្លង់វែង)។ បន្ទាប់មកអង្គភាពខ្មែរក្រហមបានរៀបការឲ្យខ្ញុំជាមួយនឹងអតីតកងទ័ពខ្មែរក្រហម។ យើងរស់នៅជាមួយគ្នារហូតដល់បានកូនប្រុសម្នាក់ ទើបខ្មែរក្រហមបញ្ជូនកម្លាំងទៅរស់នៅប្រទេសថៃ។
ក្រោយមក ទាហានរដ្ឋាភិបាលបានរៀបចំឲ្យប្រជាជនធ្វើមាតុភូមិនិវត្ដន៍ទៅកាន់ស្រុកកំណើតវិញ។ នៅពេលនោះ ខ្ញុំមិនបានសម្រេចចិត្ដត្រឡប់ទៅវិញទេ ដោយសារតែពិការភាពរបស់ខ្ញុំ។ ខ្ញុំខ្មាស់គេ។ ខ្ញុំសម្រេចរស់នៅតំបន់អន្លង់វែង និងតាំងចិត្ដរកស៊ីរហូតមកទល់សព្វថ្ងៃនេះ។ ខ្ញុំមានការត្រេកអរចំពោះការផ្ដល់សេរីភាពដូចក្នុងពេលបច្ចុប្បន្ននេះ។ ខ្ញុំបានរកស៊ីពេញដៃពេញជើង បើទោះបីខ្ញុំជាជនពិការក៏ដោយ។ ខ្ញុំមិនធ្លាប់សុំទានគេដែរ។ នៅពេលខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំតែងតែគិតថា៖ «មហាសែនលំបាករកអ្វីប្រៀបពុំបានទេ»។ ខ្ញុំបានប្រឹងប្រែងរកស៊ីចិញ្ចឹមកូនទាំងខ្លួនពិការ។ នៅពេលខ្ញុំធ្លាក់ខ្លួនពិការដៃដោយសារតែចូលរួមក្នុងចលនាខ្មែរក្រហម ខ្ញុំមានការសោកស្ដាយ១០០ភាគលានហើយ រកអ្វីនិយាយពុំបាន។
បើមានថ្ងៃនេះហើយ ខ្ញុំចង់ឲ្យមានថ្ងៃនេះរហូត។ ខ្ញុំមិនចង់ដើរតាមគន្លងចាស់នៃប្រវត្ដិសាស្រ្ដទៀតទេ។ បើយើងគិតត្រឡប់ទៅវិញនៅក្នុងសម័យខ្មែរក្រហម ខ្ញុំមិនដឹងថា កូនរបស់ខ្ញុំធ្លាក់ដល់កម្រិតណាទេ។ កូនខ្ញុំអាចនឹងមិនស្គាល់សាលារៀនផង។ សម័យនេះ ទោះបីខ្ញុំក្រលំបាកយ៉ាងណា ក៏ខ្ញុំផ្ដល់ឱកាសឲ្យកូនខ្ញុំរៀនសូត្រដែរ»៕
អត្ថបទដោយ លី សុខឃាង
[1] មល់ វី ផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ មល់ វី ភេទស្រី អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ បច្ចុប្បន្ន វី រស់នៅភូមិយាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
អត្ថបទទាក់ទង

សុខ នួន៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាព...

សែត គុជ រៀបរាប់ពីការលើកទំបន់ជ្រោយចេកក្នុងរបបខ្មែរក្រហម

«ប្រជាជនជនជម្លៀសដំណាក់នៅកាលទី៣ក្នុងរបបខ្មែរក្រហម»

កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម

សេន ថេន រំឭកពីបទពិសោធន៍ជាពេទ្យកងទ័ពខ្មែរក្រហម


