អុំ និក ៖ ពិការជើងមួយចំហៀងដោយសារជាន់មីន

អុំ និក[1] ភេទប្រុស អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត។ និក បច្ចុប្បន្នរស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ និក បាននិយាយរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួននៅក្នុងជំនាន់ខ្មែរក្រហមថា៖ « កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ នៅជំនាន់នោះថ្នាក់ទី១០ មានការបង្រៀនភាសាបារាំង ហើយខ្ញុំក៏ចេះបានបន្តិចបន្តួចផងដែរ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកខ្ញុំ ជាទាហានខ្មែរឥស្សរៈ កាលនោះគាត់មានសក្តិ២ ខ្ញុំឃើញគាត់មានកាំភ្លើងជាប់ខ្លួនចំនួន២ដើម។ ចំណែកឯម្ដាយខ្ញុំគាត់ជាកសិករ។ បងប្រុសរបស់ខ្ញុំរៀនបានបញ្ចប់ថ្នាក់ រហូតដល់បានបន្តទៅរៀនបើកបរយន្តហោះ ក្រោយមកក្លាយជាអ្នកបើកយន្តហោះឲ្យសាធារណរដ្ឋ លន់ នល់។
នៅក្នុងឆ្នាំ១៩៧០ ខ្ញុំឈប់រៀនដោយសារមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ពីតំណែង។ ពេលនោះ ខ្ញុំបានរស់នៅជាមួយឪពុកម្ដាយនៅផ្ទះបានមួយរយៈ ក៏មានការរៀបចំកុមារនៅក្នុងភូមិឲ្យទៅជួយយាមល្បាតសុវត្ថិ ភាពពេលយប់។ ការយាមល្បាតនេះមួយក្រុមមានគ្នា៥នាក់ និងមានមនុស្សធំម្នាក់ជាអ្នកមើលខុសត្រូវកុមារ។ កាលនោះនៅក្នុងភូមិមានវៀតណាមខាងជើងចូលមកនៅពេញភូមិ។ ក្រោយមកទៀត ខ្ញុំរៀងធំបន្តិចក៏ត្រូវបញ្ជូនទៅកាត់ដេរនៅស្រុកឈូក ដោយសារពេលនោះខ្ញុំមានបងបងប្អូននៅកាត់ដេរទីនោះស្រាប់។ ពេលទៅដល់កន្លែងកាត់ដេរ ខ្ញុំឃើញមានយុវជនយុវនារីច្រើនណាស់ដែលនៅកាត់ដេរមុនខ្ញុំ។ ចំពោះសម្លៀកបំពាក់ដែលយើងកាត់ដេរគឺសុទ្ធតែឈុតពណ៌ខ្មៅទាំងអស់ បើតាមខ្ញុំដឹងយើងកាត់បញ្ជូនឲ្យទៅកងទ័ពសម្រាប់ប្រើប្រាស់។ ការធ្វើការនៅកន្លែងកាត់ដេរខ្ញុំមិន លំបាកអ្វីនោះទេ ចំពោះការហូបចុកក៏ទទួលបានគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ចូ លនៅក្នុងកងទ័ពជើងទឹកខ្មែរក្រហម។ ភ្លាមៗនោះខ្ញុំក៏ត្រូវបញ្ចូនទៅឈរជើងនៅមាត់សមុទ្រ ក្នុងខេត្តកែប។ កាលនោហ ខ្ញុំនៅក្នុងកងពលវរលេខ៦១ ដែលមានតាយឿន និងតាយ៉ាន ជាអ្នកគ្រប់គ្រង។ ការងារឈរជើងនៅមាត់សមុទ្រ គឺដើរមើលខ្សែតេអូសម្រាប់ទំនាក់ទំនងខ្សែរយៈនៅតាមតំបន់ផ្សេងៗមិនឲ្យមានការដាច់ខ្សែ ឬដាច់សំឡេង។ ក្រៅពីការងារពិនិត្យខ្សែតេអូ កម្លាំងទ័ពក៏មានការហ្វឹកហាត់ពីការហែលទឹកខ្លះដែរ។ ចំពោះការវាយប្រហារនៅមាត់សមុទ្រ ខេត្តកែប មិនសូវមាននោះទេ យូរៗទើបមានការបាញញ់គ្នានៅតាមព្រំដែន។ នៅចន្លោះឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបញ្ជូនទៅដឹកជញ្ជូនស្បៀងពីកំពង់សោម ទៅខេត្តកំពត។ កាលនោះក្រៅពីដឹកស្បៀង ក៏មានសម្ភារដែកមួយចំនួនសម្រាប់ធ្វើស្ពានឥន្ទធនូផងដែរ។ ការធ្វើស្ពាននេះក៏មានការចូលរួមពីក្រុមបច្ចេកទេសចិន។ ការធ្វើស្ពានដែកឥន្ធធនូបានចំណាយពេលត្រឹមតែមួយខែប៉ុណ្ណោះ កងទ័ពអាចធ្វើដំណើរឆ្លងកាត់បាន។
នៅក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបញ្ចូនទៅកងទ័ពជើងគោកវិញ កាលនោះ ខ្ញុំនៅឈរជើងនៅម្ដុំផ្សារលប ខាងមុខស្រែអំបិល ក្នុងខេត្តកំពតដដែល។ ទិដ្ឋភាពនៅតំបន់ស្រែអំបិលពេលនោះ ខ្ញុំឃើញមានសុទ្ធតែនារីៗនៅធ្វើការប្រមូលផលអំបិល គ្មានម្លប់ជ្រកពន្លឺថ្ងៃនោះទេ មើលទៅសុទ្ធតែវាលស្រែដាច់កន្ទុយភ្នែក។ ខ្ញុំ ហ្វឹកហាត់នៅទីនោះបានរយៈពេល៦ខែ ខ្ញុំក៏បានចេញទៅវាយនៅសមរភូមិនៅតាមព្រំដែនវៀតណាម។ កាលនោះ យើងមានជម្លោះរឿងព្រំដែន ដោយខាងភាគីវៀតណាមចេះតែលួចបង្ខិតបង្គោលព្រំដែនពេលយប់រហូត។ ក្រោយមកយើងក៏បានបង្កប់មីននៅតាមរណ្ដៅបង្គោលព្រំដែន ធ្វើឲ្យកងទ័ពវៀតណាមស្លាប់អំឡុងពេលមកលួចដកបង្គោលព្រំដែនម្ដងទៀត។ ចាប់ពីពេលនោះមកទាំងពីរភាគីក៏មានជម្លោះជាមួយគ្នារហូតមក។ ក្នុងឆ្នាំដដែល កងទ័ពវៀតណាមបានវាយចូលតាមព្រំដែនចូលមកដល់ស្រែអំបិល ចាប់ប្រជាជនដែលជានារីធ្វើការនៅស្រែអំបិលដុតសម្លាប់ចោលទាំងរស់។ អ្នកខ្លះទៀត ត្រូវវៀតណាមចាប់វាយធ្វើបាប ចាប់រំលោភ និងវះពោះដេកស្លាប់នៅពេញវាលស្រែ មើលទៅអាណោចអធ័មណាស់។ ក្រោយមកកម្លាំងកងទ័ពខ្មែរក្រហម ក៏បានវាយដេញចេញទៅវិញបានជោគជ័យ។
លុះដល់ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមកពាសពេញក្នុងប្រទេសកម្ពុជា។ កងទ័ពខ្ញុំក៏បាននាំគ្នារត់ចូលព្រៃ ពេលនោះពួកខ្ញុំអត់មានកាំភ្លើងកាន់ទៀតទេ។ ខ្ញុំរត់ទៅសម្រាកនៅភ្នំក្បែរទំនប់ម្លេច បានមួយរយៈយើងក៏បានជួបជុំកម្លាំងគ្នាវិញបានមួយចំនួន។ ពេលនោះស្បៀងអាហារក៏គ្មានសម្រាប់ផ្គត់ផ្គង់កងទ័ពដែរ យើងនាំគ្នាពិភាក្សាគ្នាក្នុងការធ្វើដំណើរចេញពីខេត្តកំពតចេញទៅខេត្តបាត់ដំបង។ បន្ទាប់ពីបានធ្វើដំណើរទៅដល់ខេត្តបាត់ដំបងយើងក៏បានជួបកម្លាំងកងទ័ពបន្ថែម ពេលនោះគេបានឲ្យអង្គភាពខ្ញុំបន្តដំណើរទៅភូមិភាគឧត្តរ។ កំឡុងពេលនោះ កងកម្លាំងខ្ញុំទទួលបានរថក្រោះចំនួន២គ្រឿង និងឡានចំនួន៥គ្រឿង សម្រាប់ធ្វើដំណើរមកតាមផ្លូវ។ មកដល់តាមព្រំដែន ជួបសុទ្ធតែប្រជាជនថៃនៅទីនោះ កម្លាំងកងទ័ពខ្ញុំក៏បានទៅសុំអង្ករ និងស្បៀងមួយចំនួនពីក្រុមប្រជាជនថៃក្រហម។ ការធ្វើដំណើរអស់រយៈពេលកន្លះខែកម្លាំងខ្ញុំក៏បានទៅដល់តំបន់អន្សាយរាក់។ ពេលទៅដល់ទីនោះ យើងនៅតែបន្តរៀបចំផែនការវាយតទល់ជាមួយកងទ័ពវៀតណាមជាបន្តបន្ទាប់។
លុះដល់ឆ្នាំ១៩៨៨ ខ្ញុំបានពិការជើងមួយចំហៀងដោយសារជាន់មីន អំឡុងពេលធ្វើដំណើរទៅដងទឹកយកមកដាំបាយ នៅតំបនជប់តាមោក។ ជើងរបស់ខ្ញុំពេលនោះត្រូវរបួសខ្លាំងណាស់សាច់ដាច់ចេញពីជើងឡើងរញ៉ៃ ក្រុមគ្រូពេទ្យក៏សម្រេចចិត្តកាត់ជើងខ្ញុំចោល។ បន្ទាប់ពីខ្ញុំបាត់បង់ជើងមួយចំហៀង ពិតជាមានការសោកស្ដាយខ្លាំងណាស់ពីព្រោះខ្ញុំគិតថាសង្គ្រាមជិតបញ្ចប់ហើយនៅសល់តែបន្តិចទៀតប៉ុណ្ណោះខ្ញុំបែរជាជួបហេតុការណ៍ដ៏អាក្រក់មួយនេះទៅវិញ។ ចំណែកឯអារម្មណ៍របស់ខ្ញុំមួយទៀតបន្ទាប់ពីបានឃើញជនពិការនៅអង្គភាពពេទ្យជាច្រើននាក់ ខ្ញុំក៏គិតថាអ្នកដទៃក៏ជួបរឿងដូចខ្ញុំដែរ ខ្ញុំគួរតែបន្តរស់នៅដើម្បីប្រពន្ធកូនទោះបីជាខ្ញុំមានពិការភាពជាប់ខ្លួនក៏ដោយ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយមួយចំនួនដូចជា ក្រពះពោះវៀន លើសជាតិអាស៊ីត និងជំងឺរ៉ាំរ៉ៃចាស់ជរា»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ អុំ និក នៅក្នងភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង នៅក្នុងឆ្នាំ២០២៤។
អត្ថបទទាក់ទង

ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ

អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០

ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត

ពិន សុជាតិ អ្នកជីកលេណដ្ឋានឱ្យកងទ័ពជួរមុខកម្ពុជា ក្នុងជម្លោះប្រដាប់អាវុ...

សាន់ យោគ៖ បរទេះដឹកស្រូវ


