ហូបដើមចេកជំនួសបាយ

(កណ្ដាល) គង់ គឹមអេង អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គឹមអេង បានចែករំលែកនូវរឿងរ៉ាវជាច្រើនដែលគាត់ធ្លាប់បានឆ្លងកាត់ផ្ទាល់នៅក្នុងរបបខ្មែរក្រហម។

នៅក្នុងរបបនោះ គឹមអេង រស់នៅជាមួយនឹងឪពុកម្ដាយរបស់គាត់។ នៅពេលនោះ អង្គការបានចាត់តាំងឱ្យគាត់បំពេញការងារលើកប្រព័ន្ធភ្លឺស្រែ និងរែកដី។ អង្គការបានតម្រូវឱ្យរូបគាត់ និងសមាជិកក្នុងក្រុមត្រូវធ្វើការងារឱ្យបានគ្រប់ចំនួនតាមការកំណត់ ប្រសិនបើធ្វើមិនបានគ្រប់ចំនួនទេ ទាំងរូបគាត់ និងសមាជិកក្រុមនឹងមិនអាចហូបអាហារបានឡើយ។

គឹមអេង បានរៀបរាប់ថា មានពេលមួយនោះ ដោយសារតែធ្វើការងារមិនបានគ្រប់តាមការកំណត់ អង្គការមិនបានផ្ដល់អាហារដល់ក្រុមរបស់គាត់ទាំងអស់គ្នាទេ។ ពេលនោះ គាត់បានទៅសុំអាហារពីប្អូនរបស់គាត់ ប៉ុន្តែដោយសារអាហារមានមិនគ្រប់គ្រាន់សម្រាប់ហូបគ្នាពីរនាក់ គាត់សម្រេចចិត្តលួចកាប់ដើមចេកយកមកចិញ្ច្រាំហូបជំនួសវិញ។

នៅក្នុងរបបខ្មែរក្រហម គឹមអេង ត្រូវដាក់ឱ្យធ្វើការនៅក្នុងកងកុមារនៃអង្គភាព ហើយនៅទីនោះគាត់ត្រូវទទួលរងនូវការធ្វើទារុណកម្មយ៉ាងខ្លាំង ព្រោះតែការបំពេញការងារយឺតយ៉ាវ និងមិនបានគ្រប់ចំនួនកំណត់។ នៅក្នុងស្រុកកណ្ដាលស្ទឹង មានប្រធានកងម្នាក់ឈ្មោះ ក្រុត ដែលជាបុគ្គលមិនធ្លាប់យល់ពីទុក្ខលំបាករបស់ប្រជាជនឡើយ។ គាត់តែងតែវាយធ្វើបាបកុមារ និងប្រជាជនណាដែលធ្វើការងារយឺត។ គឹមអេង បានបញ្ជាក់ថា គាត់ធ្លាប់ត្រូវបានប្រធានកង ក្រុត វាយដោយបន្ទះម៉ែត្រ ព្រោះតែពេលនោះគាត់រើសបានផ្លែក្រូចមួយផ្លែ ប៉ុន្តែបែរជាត្រូវបានអ្នករស់នៅក្នុងសហករណ៍ជាមួយគ្នាទិតៀនថាគាត់លួចបេះទៅវិញ។

នៅក្នុងរបបខ្មែរក្រហម មានការខ្វះខាតគ្រប់សព្វបែបយ៉ាង សូម្បីតែសម្លៀកបំពាក់មានត្រឹមតែមួយកំប្លេប៉ុណ្ណោះ។ គឹមអេង បានប្រាប់ថា គាត់តែងតែបោកគក់ និងសម្ងួតសម្លៀកបំពាក់នោះនៅពេលយប់ ហើយពេលខ្លះត្រូវបង្ខចិត្តស្លៀកទាំងសើម ព្រោះហាលមិនស្ងួត។

គឹមអេង ធ្លាប់បានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលឈ្លបរបស់អង្គការវាយសម្លាប់យុវជន-យុវនារីមួយគូ ដោយសារការចោទប្រកាន់ថាខុសសីលធម៌។ ក្រៅពីនោះ ប្ដី-ប្រពន្ធ និងកូននៅក្នុងពោះម្នាក់ទៀត ត្រូវបានខ្មែរក្រហមវាយសម្លាប់ រួចទម្លាក់ចូលទៅក្នុងរណ្ដៅ។ ក្រោយពីបានឃើញហេតុការណ៍ដ៏រន្ធត់ទាំងនោះ គឹមអេង មានការតក់ស្លុតជាខ្លាំង ប៉ុន្តែគាត់ត្រូវបង្ខំចិត្តព្យាយាមធ្វើឫកពាឱ្យដូចធម្មតា ដើម្បីកុំឱ្យអង្គការសង្ស័យ ព្រោះគាត់ខ្លាចក្រែងត្រូវចាប់យកទៅសម្លាប់ដែរ។

គឹមអេង បានបញ្ជាក់បន្ថែមថា នៅអំឡុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានធ្វើនំបញ្ចុកឱ្យប្រជាជនហូបជុំគ្នាទាំងអស់ ក្នុងគោលបំណងទុច្ចរិតដើម្បីបំពុលសម្លាប់។ ប៉ុន្តែផែនការនោះត្រូវបរាជ័យទៅវិញ ព្រោះតែមានអ្នកដឹងរឿង ហើយបាននិយាយដំណាលបន្តគ្នា រហូតដល់បែករឿង។

បច្ចុប្បន្ន គឹមអេង តែងតែមានអាការឈឺចង្កេះ ចុកឆ្អឹងដៃជើង និងគេងមិនសូវលក់ជាប្រចាំ។

សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin