កងប្រវត្តិសាស្រ្តត្រូវតែវិលទៅមុខ មិនវិលត្រូវតែកម្ទេចចោល

(កណ្ដាល) សាន ចាន់ថា អាយុ៥៨ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ននេះ ចាន់ថា ឈឺសន្លាក់ដៃ-ជើង ខ្សោយកម្លាំង និងលើសជាតិអាស៊ីត។
នៅក្នុងរបបខ្មែរក្រហម ចាន់ថា ស្ថិតនៅក្នុងវ័យកុមារ អង្គការបានបំបែកចេញពីឪពុកម្ដាយ ឱ្យទៅរស់នៅក្នុងកងកុមារនៅក្នុងសហករណ៍។ ចាន់ថា បាននិយាយទាំងអួលដើមករថា គាត់បានបែកពីម្ដាយ ហើយទៅស្នាក់នៅក្នុងកងកុមារ យប់ឡើងត្រូវសម្រាកជាជួរដង្ហែរគ្នាជាមួយកុមារដទៃទៀត។ នៅក្នុងអំឡុងពេលនោះកន្លែងស្នាក់នៅនោះគ្មានសម្ភារគ្រប់គ្រាន់នោះទេ សូម្បីមុង និងភួយ។ សម្រាកកន្លែងសម្រាក គឺមានសត្វសង្កើចច្រើន ធ្វើឱ្យគាត់ពិបាកក្នុងសម្រាក។
នៅក្នុងរបបនោះ មានការខ្វះខាតសម្ភារប្រើប្រាស់គ្រប់សព្វ សូម្បីសម្លៀកបំពាក់។ ពេលនោះសម្លៀកបំពាក់មានត្រឹមម្នាក់មួយកំប្លេប៉ុណ្ណោះ ដូច្នេះត្រូវបោកសម្អាតនៅពេលយប់ ហើយយកមកស្លៀកវិញនៅពេលព្រឹក, ជួនកាលត្រូវស្លៀកទាំងសើម ព្រោះហាលមិនស្ងួត។
កុមារតូចៗនៅក្នុងសហករណ៍ ត្រូវក្រោកពីព្រលឹមតម្រង់ជួរ។ បន្ទាប់មកអង្គការបានចាត់តាំងឱ្យទៅកាប់ទន្រ្ទានខែត្រ និងលើកភ្លឺស្រែ។ នៅក្នុងកងកុមារនោះ មានបែងចែកកុមារជាក្រុមតូចៗបន្ថែមទៀត។ ចំពោះការធ្វើការងារ គឺចាប់ពីព្រលឹមរហូតដល់ល្ងាច សម្រាកបាន១ម៉ោងពេលហូបអាហារថ្ងៃត្រង់។ ហើយពេលល្ងាច ម៉ោងប្រហែល៦ មានការបើកអង្គប្រជុំទិតៀនគ្នាទៅវិញទៅមក។ ប្រជាជនអាចមានសិទ្ធិនិយាយពីទោសកំហុស និងភាពខ្ជិលច្រអូសរបស់អ្នកដទៃប្រាប់ទៅប្រធានក្រុម។
ចាន់ថា បានលើកឡើងថា របបអាហារនៅពេលនោះ គឺបាយដាំលាយជាមួយនឹងពោត និងលាយជាមួយដំឡូង ចំណែកបបរគ្មានលាយជាមួយសាច់ជ្រូក ឬត្រីឡើយ គឺបង់តែអំបិលបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងរបបនោះមិនងាយបានហូបបាយជានឹងសាច់ណាស់ ទាល់តែមានការប្រជុំធំម្ដងៗទើបបានហូប។
ចាន់ថា បានបញ្ជាក់ថា នៅក្នុងរបបនោះ ប្រសិនជាប្រជាជនណាម្នាក់ត្រូវខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់ ប្រាកដណាស់សមាជិកគ្រួសារទាំងអស់ត្រូវបានស្រាវជ្រាវរក និងនាំខ្លួនយកទៅសម្លាប់ដែរ។ ជាក់ស្ដែង គ្រួសារបងថ្លៃរបស់ ចាន់ថា ត្រូវបានខ្មែរក្រហមចាប់ទៅសម្លាប់ទាំងអស់។ មួយវិញទៀតនោះ មានកុមារម្នាក់ដែលស្នាក់នៅជាមួយគាត់ ត្រូវបានខ្មែរក្រហមសម្លាប់ឪពុកម្ដាយ រួចមកស្រាវជ្រាវស្វែងរកកុមារម្នាក់នោះបន្ថែមទៀត។
ចាន់ថា បានបន្តថា នៅអំឡុងពេលនោះ ខ្មែរក្រហមបានសាងសង់កន្លែងមួយដែលមានឈ្មោះថា សង់ទន្លេបាទី ដែលជាកន្លែងឈ្លបយកមនុស្សទៅធ្វើទារុណកម្ម និងសម្លាប់នៅទីនោះ។ គាត់បានប្រាប់បន្ថែមថា អង្គការមិនអនុញ្ញាតឱ្យកុមារតូចៗ ទៅជិតតំបន់នោះឡើយ ដោយកុហកថានៅទីនោះ «មានសត្វពស់ថ្លាន់កើតកូនក្នុងនោះ ប្រយ័ត្នពស់ចឹក»។
ចាន់ថា នៅតែចងចាំឃ្លាមួយជាប់នៅក្នុងចិត្តរបស់គាត់គឺ «កងប្រវត្តិសាស្រ្តត្រូវតែវិលដើរទៅមុខ មិនវិលត្រូវតែកម្ទេចចោល»។ បន្ថែមទៀតនោះ ខ្មែរក្រហមបានអប់រំកុមារតូចដឹងគុណម្ដាយឪពុកនោះទេ គឺអប់រំឱ្យដឹងគុណតែអង្គការមួយប៉ុណ្ណោះ។ កុមារទាំងអស់នោះត្រូវលួចតាមដាន់ឪពុកម្ដាយរបស់ខ្លួន ប្រសិនជាល្មើសត្រូវតែរាយការណ៍ទៅអង្គការ។
សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







