ប្រវត្តិរូបអន់ ព្រោះធ្លាប់មានជីវភាពធូរធារកាលពីសង្គមចាស់

ជោន យឺន អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ យឺន បានរៀបការមុនរបបខ្មែរក្រហម និងបានផ្លាស់ទៅរស់នៅជាមួយប្ដីនៅឃុំកាចត។ បន្ទាប់មក យឺន មានគភ៌ និងបង្កើតបានកូនម្នាក់ឈ្មោះ យឿន។ ជាអកុសល យឺន បានបាត់បង់ប្ដីរបស់គាត់ នៅពេលកូនកើតបានរយៈពេល១០ខែ និង១៧ថ្ងៃដោយសារជំងឺ ហើយគាត់បាននាំកូនទៅរស់នៅភូមិស្វាយខាងជើង ឃុំអង្កាញ់ ដែលជាស្រុកកំណើត តាមការស្នើសុំរបស់សាច់ញាតិចាស់ៗ។
កាលពីក្មេង យឺន មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានឈ្មោះ ប៉ា, យឺន, គឹមយាង, យ៉ា, ហៀង និងឡាវ។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់យឺន មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានបញ្ជូនបងប្អូនរបស់គាត់ដែលមានអាយុច្រើនទៅក្នុងកងចល័ត ហើយប្អូនគាត់ត្រូវចូលទៅក្នុងកងកុមារ និងប្អូនពៅតូចធ្វើការមិនទាន់បានត្រូវទៅរស់នៅក្នុងមណ្ឌលរួមជាមួយកូនរបស់យឺន និងកុមារផ្សេងទៀតនៅក្នុងភូមិ។ ចំណែក ឪពុករបស់យឺន ត្រូវបានអង្គការបញ្ជូនទៅត្រៀម ប៉ុន្តែដោយសារគាត់ឈឺក្ដៅខ្លួន គ្រុនចាញ់ខ្លាំងទើបត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យជាងដែក។ នៅក្នុងមន្ទីរពេទ្យ ជំងឺរបស់ឪពុកយឺន មិនបានធូរស្រាលនោះទេ ដូច្នេះអង្គការបានបញ្ជូនគាត់ទៅពេទ្យនៅភូមិព្រិចបន្តទៀត ប៉ុន្តែព្យាបាលបានត្រឹមរយៈពេលប្រមាណ៣ថ្ងៃ ទើបស្លាប់នៅទីនោះ។ យឺន បានឲ្យដឹងថា ឪពុករបស់គាត់ស្លាប់នៅពេលដែលប្អូនពៅរបស់គាត់ឈ្មោះឡាវ កើតបានប្រមាណ៣ខែ។
ចំពោះគ្រួសារយឺន ការរស់នៅគឺមិនបានល្អប្រសើរប៉ុន្មានទេ ព្រោះអង្គការបានចុះទៅរុះរើផ្ទះរបស់គាត់នៅក្នុងឃុំប្រស្រែ ដោយគ្មានការផ្ដល់ដំណឹងជាមុន។ បន្ទាប់មក យឺន និងកូន ត្រូវបានអង្គការបញ្ជូនឲ្យទៅរស់នៅក្នុងខ្ទម ជាមួយយាយម្នាក់ឈ្មោះ សឹម ឡាន ខាងកើតភូមិដែលស្ថិតនៅក្នុងទីតាំងព្រំប្រទល់ម្ខាងរបស់ព្រែកឃុំបាស្រែ ហើយអង្គការទើបតែកាត់ឲ្យទៅឃុំអង្គាញ់។
នៅក្នុងសហករណ៍ យឺន ត្រូវបានអង្គការបញ្ជូនឲ្យទៅជីកព្រែកចាប់ពីពេលព្រឹករហូតដល់ម៉ោង៩យប់ ហើយការហូបអាហារបានត្រឹមបបរពីរពេលក្នុងមួយថ្ងៃគឺនៅពេលព្រឹក និងពេលល្ងាច។ នៅពេលសម្រាកថ្ងៃត្រង់ យឺន ត្រូវចាត់តាំងឲ្យបង្រៀនអក្សរដល់ក្រុមម៉ែៗបន្ថែមទៀត ហើយក្ដាខៀនត្រូវលើកយកទៅតាមជាប្រចាំ។ យឺន បានឲ្យដឹងថា គាត់ធ្វើការហត់នឿយណាស់ និងចង់សម្រាក ឬដេរសម្លៀកបំពាក់ ដូចអ្នកចេះអក្សរផ្សេងទៀត ប៉ុន្តែគាត់មិនហ៊ានបដិសេធជាមួយអង្គការទេ ព្រោះខ្លាចត្រូវចាប់យកទៅសម្លាប់។
នៅរដូវធ្វើស្រែ យឺន ត្រូវដកសំណាបយកទៅត្រាំជាមួយទឹកជី ហើយមុនពេលស្ទូង ត្រូវជ្រលក់ជាមួយលាមកខាប់ៗ និងមានខ្លិនស្អុយខ្លាំង។ អំឡុងពេលស្ទូង ប្រសិនបើមានអ្នកហ៊ានចងកណ្ដាប់សំណាបនៅលើដៃ ឬកាត់ចុងសំណាបចេញ ប្រធានកងឈ្មោះ យ៉ាន់ និងវណ្ណ បានធ្វើការទិតៀននៅពេលប្រជុំថា សំណាបឡើងប្ដឹងអ្នកស្ទូងមូលក ដែលកាត់ចុងស្លឹកចោល ឬរឹតកសំណាបលាន់សំឡេងងឺត នៅពេលដែលចងកុំឲ្យរញ៉ៃរញៃ នៅពេលបីស្ទូង។ នៅពេលស្ទូងរួច យឺន និងមិត្តនារីមួយចំនួនទៀត ត្រូវបានអង្គការចាត់តាំងឲ្យរែកទឹកពីព្រែកមកស្រោចស្រូវជាច្រើនកន្លែងរាល់ថ្ងៃរហូតដល់ម៉ោង៩យប់ ដែលការងារនេះហត់នឿយយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលឃ្លានខ្លាំងពេក យឺន ឆ្លៀតចេញទៅលួចដកដំឡូងហូបបន្ថែមតិចតួច។
ក្រៅពីការងារខាងលើ យឺន ត្រូវបានអង្គការបញ្ជូនឲ្យទៅដេរអាវក្នុងឲ្យក្រុមម៉ែៗទាំងអស់ កងចល័តក្នុងផ្ទះឈ្មោះ កយ នៅភូមិស្វាយខាងជើង។ ថ្ងៃមួយ យឺន បានឃើញឈ្មោះ យ៉ាន់ សម្លឹងមើលមុខគាត់ ហើយនៅពេលល្ងាចឡើងអង្គកាបានហៅគាត់ទៅជួប និងចោទប្រកាន់ថា យឺន គឺជាកូនយួន។ នៅពេលឮដូច្នេះ យឺន បានឲ្យអង្គការសួរយាយឈ្មោះ ម៉ី និង ពិន ដែលជាចាស់ៗនៅក្នុងភូមិថា ម្ដាយរបស់យឺននៅភូមិស្វាយខាងត្បូង ហើយឪពុករបស់គាត់រស់នៅភូមិស្វាយជើង និងមានសម្បុរខ្មៅ។
បន្ទាប់មក អង្គការឲ្យយឺន ត្រលប់មកផ្ទះវិញ និងចាប់ផ្ដើមស៊ើបប្រវត្តិរូបគាត់បន្តទៀត។ ចំពោះ យឺន នៅពេលត្រលប់មកផ្ទះវិញ បានយកកូនទៅផ្ញើផ្ទះយាយឈ្មោះ យ៉េង ហើយផ្ដាំឲ្យនាំកូនរបស់គាត់ទៅផ្ទះរបស់យាយតានៅភូមិកាចត ប្រសិនបើអង្គការចាប់គាត់យកសម្លាប់។ នៅពេលយប់ឡើង យឺន ត្រូវបានអង្គការហៅទៅក្នុងបន្ទប់មួយរួចសួរចម្លើយគាត់រហូតដល់ពាក់កណ្ដាលអាធ្រាត្រ ប៉ុន្តែដោយសារគាត់បដិសេធ និងធ្លាប់ជំពាក់គុណកាលពីមុន ព្រោះកាលកូនរបស់កងឈ្លបឈឺបានថ្នាំក្អកពីយឺន ទើបព្រមដោះលែងឲ្យត្រលប់មកវិញ។
យឺន បន្តថា ថ្នាំដែលគាត់មានគឺបានមកពីឈ្មោះ ឆូយ គឺជាគ្រូពេទ្យនៅភូមិអង្គាញ់ និងជាបងប្អូនជីដូនមួយរបស់ប្ដីយឺន ឲ្យមកកូនគាត់លេប ហើយនៅពេលកងឈ្លបមកសុំថ្នាំបានសន្យាជាមួយ យឺន កាលពីមុនថានឹងមិនចាប់គ្រួសារគាត់យកទៅសម្លាប់ និងត្រឹមតែធ្វើការកសាងប៉ុណ្ណោះប្រសិនបើមានប្រព្រឹត្តកំហុស។ នៅថ្ងៃបន្ទាប់ យឺន បានទៅយកកូនមកវិញ ប៉ុន្តែយាយឈ្មោះ យ៉េង បានយកកូនគាត់ទៅឲ្យយាយតានៅភូមិកាចត តាំងពីយប់មិញ ព្រោះពេលព្រឹកត្រូវធ្វើការធម្មតា។ យឺន បានឲ្យដឹងថា ប្រជាជនថ្មី និងប្រជាជនផ្ញើដូចជាយឺន ត្រូវបានអង្គការចាប់យកទៅសម្លាប់ចោលជាច្រើននាក់ឬទាំងគ្រួសារដោយគ្រាន់តែធ្លាប់មានសាច់ញាតិធ្វើជាមន្ត្រីរាជការកាលពីរបបមុន។
ចំពោះសម្លៀកបំពាក់គឺមានតែមួយបម្លាស់ ដូច្នេះនៅពេលដែលរហែកត្រូវដេរជាន់ពីលើគ្នា ព្រោះគាត់ប្រវត្តិរូបមិនល្អស្នើសុំសម្លៀកបំពាក់ថ្មីមិនបានដូចអ្នកប្រវត្តិរូបល្អ។ មូលហេតុដែលប្រវត្តិរូប យឺន មិនល្អព្រោះបងរបស់គាត់ជាអ្នករៀនសូត្រច្រើន ហើយមានសាច់ញាតិឈ្មោះ ចាន់ ធ្វើការជាជំទប់ឃុំ និងប្អូនរបស់ម្ដាយយឺន ធ្វើជាមេស្រុក។ ប្រវត្តិរូបមិនល្អគឺជាមុខសញ្ញាចាប់យកទៅសម្លាប់ចោល នៅពេលដែលប្រព្រឹទ្ធកំហុសបន្តិចបន្តួច។
ចំណែកការរៀបការ អ្នកដែលមានប្រវត្តិរូបល្អ ក្រីក្រពីសង្គមចាស់ ត្រូវរៀបការជាមួយអ្នកមានប្រវត្តិរូបល្អដូចគ្នា ហើយប្រវត្តិរូបអន់ ធ្លាប់មានបាននៅក្នុងសង្គមចាស់ ទើបអាចរៀបការជាមួយអ្នកមាបប្រវត្តិរូបអន់ដូចគ្នា។ ការប្ដេជ្ញានេះគឺធ្វើឡើងជាច្រើនគូក្នុងពេលតែមួយ ដោយអង្គការឲ្យ យុវជន និងយុវនារី ត្រូវចាប់ដៃគ្នា និងធ្វើការប្ដេជ្ញានៅមុខអង្គការនៅពេលយប់។ ជាក់ស្ដែងចៅរបស់យឺន ឈ្មោះគីម អាយុ១៧ឆ្នាំ អង្គការបានរៀបចំឲ្យប្ដេជ្ញាជាមួយឈ្មោះសេង ដែលជាកូនរបស់គង់ណុប គឺជាអ្នកមាននៅផ្សារជ្រែ។ នៅពេលរៀបការរួច គីម បានទៅសុំ យឺន ស្នាក់នៅជាមួយ ហើយនៅពេលព្រឹកឡើងចៅរបស់យឺន មិនទាន់បានស្គាល់ប្ដីរបស់គាត់នោះទេព្រោះពេលរៀបការយប់ពេក និងមិនបានស្គាល់គ្នាជាមុន។
នៅដើមខែមករា ឆ្នាំ១៩៧៩ យឺន និងប្អូនរបស់គាត់ជាស្រីៗ បានកូន និងប្អូនតូចរត់ភៀសខ្លួន។ នៅពេលធ្វើដំណើរគ្រួសាររបស់យឺន បានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង និងមិនហ៊ានចាប់គោមកជួយសម្រួលកម្លាំង។ គ្រួសាររបស់យឺន បានរត់ភៀសខ្លួនរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់ទើបនាំគ្នាត្រលប់មកផ្ទះវិញ។ នៅក្នុងភូមិ យឺន និងបងឈ្មោះ ប៉ា បានទៅកើបស្រូវនៅឃ្លាំងរួមផ្ទះកុងង៉ែត និងទៅរើសក្រោលគោនៅទួលឃ្វីដីក្រហមយកមកធ្វើផ្ទះ។ អំឡុងពេលនោះ បងរបស់យឺនឈ្មោះ ប៉ា បានរត់គេចខ្លួនចូលព្រៃ និងលូនចូលទៅសម្រាកក្រោមផ្ទះពេលយប់ព្រោះខ្លាចអង្គការចូលមកសម្លាប់។ បន្ទាប់មក បងរបស់យឺន បានទៅរស់នៅជាមួយសាច់ញាតិមួយរយៈ ហើយយឺន បាននាំកូនផ្លាស់ទៅរស់នៅភូមិស្វាយខាងត្បូងវិញ។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
អត្ថបទដោយ៖ ភា រស្មី







