អង្គការចាត់តាំងឱ្យខ្ញុំធ្វើកន្ទេល

(ខេត្តស្វាយរៀង) កែវ ខេត អាយុ ៧២ ឆ្នាំ មានស្រុកកំណើតនៅភូមិនរាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខេត មានឪពុកឈ្មោះ ផុន និងម្តាយឈ្មោះ គង់។ ខេត ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥ នាក់ ក្នុងនោះស្រី ២ នាក់។ កាលពីកុមារភាព ខេត រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។ បច្ចុប្បន្ន ខេត ប្រកបរបរកសិកម្ម និងរស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ខេត បានរៀបរាប់ថា ក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរដោយពុំមានពេលវេលាសម្រាកគ្រប់គ្រាន់។ ដំបូងអង្គការបានចាត់តាំងឱ្យ ខេត បុកស្រូវ។ ការងារនេះ ខេត ត្រូវធ្វើជាក្រុមដោយមានក្រុមអ្នកបុកស្រូវ និងក្រុមអ្នកវាល់អង្ករ។ បន្ទាប់ពីបុកស្រូវរួច អង្ករត្រូវបានយកទៅរក្សាទុកក្នុងសហករណ៍។ តាមការចងចាំរបស់ខេត ស្រូវចំនួនប្រាំតៅអាចបុកបានអង្ករប្រមាណជាងមួយថាំង។ ក្រោយពីផុតរដូវប្រមូលផល អង្គការបានចាត់តាំងឱ្យ ខេត ទៅកាប់ស្លឹកនៅតំបន់ភូមិអង្គង ដើម្បីយកមកធ្វើកន្ទេល និងស្បោងសម្រាប់ដាក់ស្រូវអង្ករ។ ខេត បានរំឭកថា ការទៅកាប់ស្លឹកនៅតំបន់នោះតែងតែធ្វើឱ្យគាត់មានការភ័យខ្លាច ដោយសារការបាញ់ផ្លោង និងស្ថានភាពសង្គ្រាមនៅជិតតំបន់ព្រំដែន។ នៅពេលអស់ស្លឹកត្នោត អង្គការក៏បានឱ្យប្រជាជនទៅកាប់ស្លឹករំចេក យកមកហាល និងត្បាញធ្វើជាកន្ទេល និងស្បោងធំៗសម្រាប់ផ្ទុកស្រូវអង្ករ។ នៅរដូវធ្វើស្រែ ខេត ត្រូវបានចាត់តាំងឱ្យដកសំណាប និងស្ទូងស្រូវ។ ក្រុមការងារមានសមាជិកប្រមាណ ១៥ នាក់ ហើយធ្វើការប្រកួតប្រជែងដណ្ដើមទង់តាមផែនការរបស់អង្គការ។ រៀងរាល់ម៉ោង ៤ ព្រឹក ក្រុមការងារត្រូវចេញទៅធ្វើការងារ ហើយពេលខ្លះត្រូវស្ទូងស្រូវរហូតដល់យប់ជ្រៅ។ ចំពោះរបបអាហារវិញ ខេត និងប្រជាជនទទួលបានអាហារតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេលៗ មនុស្សម្នាក់ទទួលបានបាយត្រឹមមួយកូនចានតូចប៉ុណ្ណោះ ហូបជាមួយសម្លដើមចេក ឬត្រកួន។ ដោយសារខ្វះអាហារ ពេលត្រឡប់មកកន្លែងស្នាក់នៅវិញ ខេត តែងតែលួចបេះស្លឹកដំឡូងយកមកហូបបន្ថែម ដើម្បីបន្ធូរភាពអត់ឃ្លាន ដោយមិនឱ្យអង្គការដឹងឡើយ។
នៅពេលយប់ ប្រជាជនត្រូវសម្រាកនៅកន្លែងដែលអង្គការកំណត់ និងមិនត្រូវបានអនុញ្ញាតឱ្យដើរទៅណាមកណាទេ។ រៀងរាល់ព្រឹកនៅម៉ោងប្រហែល ៤ អង្គការវាយជួងដាស់ប្រជាជនឱ្យក្រោកទៅធ្វើការ។ ពេលខ្លះ អង្គការរៀបចំការប្រជុំ ដើម្បីណែនាំ ខេត និងសមាជិកកងចល័តអំពីផែនការការងារ ឬអប់រំឱ្យប្រជាជនខិតខំបំពេញការងារឱ្យបានល្អ។ ខេត បានរំឭកថាអង្គការក៏តម្រូវឱ្យប្រជាជនប្រមូលអាចម៍សត្វសម្រាប់ធ្វើជីផងដែរ។ នៅរដូវធ្វើស្រែ ប្រជាជនត្រូវយកជីអាចម៍ទៅដាក់ស្រែ ដើម្បីបង្កើនទិន្នផលកសិកម្ម។ ខេត បានបញ្ជាក់ថា ក្នុងរបបខ្មែរក្រហម ប្រជាជនមិនដែលមានពេលទំនេរឡើយ។ ផុតពីការងារមួយ ចូលដល់ការងារមួយទៀតជាបន្តបន្ទាប់។ បន្ទាប់ពីធ្វើស្បោង និងកន្ទេលរួច ក៏ត្រូវទៅធ្វើស្រែ ដកសំណាប ស្ទូងស្រូវ ច្រូតស្រូវ និងការងារផ្សេងៗទៀតដោយគ្មានការសម្រាកគ្រប់គ្រាន់។ ចំពោះការរៀបការវិញ ខេត បានរំឭកថាក្នុងរបបខ្មែរក្រហម អង្គការរៀបចំការរៀបការជាក្រុមៗ ដែលមានចន្លោះពី ១០ ទៅ ២០ គូក្នុងមួយថ្ងៃ។ គូស្វាមីភរិយាត្រូវឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នា និងរស់នៅជាប្តីប្រពន្ធអស់មួយជីវិត។
នៅចុងរបបខ្មែរក្រហម អង្គការបានបង្ខំឱ្យ ខេត និងប្រជាជនត្រូវជម្លៀសទៅនៅតំបន់ផ្សេងៗ។ ខេត បានរៀបរាប់ថា នៅពេលកងទ័ពវៀតណាមចូលមកដល់ អង្គការបានបញ្ជាឱ្យប្រជាជនរត់ភៀសខ្លួន។ ខេត និងសមាជិកគ្រួសារបានរត់ទៅដល់តំបន់ដក់ពរចិន ហើយទទួលដំណឹងថាប្រទេសកម្ពុជាត្រូវបានរំដោះហើយ និងឱ្យប្រជាជនត្រឡប់ទៅផ្ទះវិញ។ ក្រោយពេលវិលត្រឡប់មកស្រុកកំណើតវិញ ខេត បានចាប់ផ្តើមប្រកបរបរកសិកម្មនិងបន្តរស់នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ខេត មានជំងឺប្រចាំកាយមួយចំនួន រួមមាន ជំងឺសន្លាក់ដៃជើង និងជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

