ភូមិជោគជ័យ ជាអតីតជំរំជនភៀសខ្លួនណងចាន់

ភូមិជោគជ័យគឺជា អតីតជំរំភៀសខ្លួនដំបូងគេក្នុងសម័យសង្គ្រាមខ្មែរក្រហម ជាមួយកងទ័ពវៀតណាម។ ជំរំណងចាន់ទៅព្រំដែនថៃមានចម្ងាយប្រហែល៤គីឡូម៉ែត្រ។ ភូមិជោគជ័យ មានទីតាំងនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ប៉ុន្តែរយៈពេលថ្មីៗ នេះភូមិជោគជ័យត្រូវទទួលរងការប៉ះពាល់យ៉ាងខ្លាំង ព្រោះតែកងទ័ពថៃបានវាយប្រហារលើភូមិជោគជ័យ ដែលធ្វើឲ្យប្រជាជនដែលរស់នៅក្នុងភូមិភូមិជោគជ័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងខូចខាតទ្រព្យសម្បត្តិផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ កងទ័ពថៃបានធ្វើការវាយប្រហារមកលើភូមិជោគជ័យ ក្នុងគោលបំណងចង់ដណ្ដើមយកទឹកដីនេះ និងថែមទាំងប្រកាសថាភូមិជោគជ័យជាទឹកដីរបស់ប្រទេសថៃទៅវិញ។
បើយោងតាមសម្ដីរបស់លោកពូ ប៉ែន រឹទ្ធី ដែលជាមេភូមិជោគជ័យបានមានប្រសាសន៍អំពីប្រវត្តិខ្លះៗរបស់ភូមិជោគជ័យដែលលោកពូបានដឹងថា៖
កាលពីឆ្នាំ១៩៨៩ ភូមិជោគជ័យ គឺជាអតីតជំរំណងចាន់ ប្រជាជនដែលរស់នៅក្នុងជំរំណងចាន់បានមើលថែគ្នាទៅវិញមកគណៈពេលដែលរស់នៅក្នុងជំរំណងចាន់។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩២ ខាង អង្គការសហប្រជាជាតិ (UN) បានចូលមកដល់ ហើយបានចុះយន្តហោះមក ដើម្បីសម្របសម្រួល ដោយសារតែ ពេលនោះមានប្រជាជនបានមករស់នៅច្រើន ជាហេតុធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ ហើយបន្ទាប់មកខាង UN មកបានរៀបចំជ្រើសរើសមេភូមិម្នាក់ ឈ្មោះ វឿន ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់, អនាម័យ និងគ្រប់គ្រងផ្ទះសំបែងរបស់ប្រជាជន។ កាលនោះដែល មានប្រជាជនមករស់នៅច្រើន UN បានឃើញដូចនេះ UN បានសាងសងសាលារៀនមួយ ដែលមានឈ្មោះថា សាលារៀនជោគជ័យ ប៉ុន្តែពេលនោះមិនទាន់បង្កើតភូមិជាផ្លូវការនោះទេ។
នៅឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នាតក្នុងសម័យអ៊ុនតាក់រួចប្រជាជនកាន់តែកើនឡើងខ្លាំង ប្រជាជនគ្រប់គ្នាបានចាប់ផ្ដើមធ្វើស្រែចម្ការចាប់តាំងពីនោះមក។ ឆ្នាំ១៩៩៤ ក្រោយពីប្រជាជនបានមករស់នៅកាន់តែច្រើន អំឡុងពេលនោះខ្មែរក្រហម បានចូលមកដុះផ្ទះប្រជាជនអស់ជាច្រើន។ កាលនោះប្រជាជនដែលរស់នៅក្នុងភូមិបាននាំគ្នាចាកចេញពីភូមិមួយរយៈទើបត្រលប់មកភូមិជោគជ័យវិញ។ នាសម័យនោះប្រជាជនមានប្រហែល២០០ ទៅ៣០០ គ្រួសារ។ ប្រជាជនដែលរស់នៅភូមិជោគជ័យភាគច្រើនជាប្រជាជនដែលធ្លាប់រស់នៅជំរំណងចាន់ទាំងអស់។
ជំនាន់នោះភូមិជោគជ័យចំណុះឲ្យឃុំនិមិត្ត ប៉ុន្តែរហូតក្រោយមកឆ្នាំ១៩៩៦ ភូមិជោគជ័យនេះបានក្លាយទៅជាចំណុះឲ្យឃុំអូរបីជាន់វិញ។ អំឡុងពេលនោះនៅពេលនរណាម្នាក់ចង់ទៅលេងអូរបីជាន់ គឺត្រូវកាត់ផ្លូវដែលជំនាន់នោះសុទ្ធសឹងតែព្រៃ លោកពូ ប៉ែន រឹទ្ធី បានមានប្រសាសន៍ថាលោកពូ តែងតែជិះទៅលេងអូរបីជាន់ជាញឹកញយ តែជំនាន់នោះលោកពូ មិនឃើញមានទាហានថៃនោះទេ។
ក្រោយមករហូតដល់ឆ្នាំ២០២១ លោកពូ ប៉ែន រឹទ្ធី បានធ្វើជាមេភូមិជោគជ័យ។ យោងតាមសម្ដីលោកពូ ប៉ែន រឺទ្ធី សម្រាប់ប្រជាជនដែលរស់នៅភូមិជោគជ័យបច្ចុប្បន្ននេះមានចំនួន ២៥៥៤ និងមាន៧៣២ គ្រួសារ។ [1]
[1] ឡុង ដានី សម្ភាសន៍ជាមួយ ប៉ែន រឹទ្ធី ភេទប្រុស អាយុ៦១ឆ្នាំ ដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
អត្ថបទដោយ គាត ស្រីឡែន
អត្ថបទទាក់ទង

ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម

ដួង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា

ចម្លើយសារភាពរបស់ ញឹក វុធ ដែលបានរត់ភៀសខ្លួនទៅប្រទេសថៃពុំបានសម្រេច

ប្រាក់ ថា៖ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងការពារព្រំដែននៅអូរដាក់ដាំ

ហែម ហ៊ន៖ ជនជាតិដើមភាគតិចព័រ និងជានីរសារប្រធានតំបន់៦ភូមិភាគពាយ័យ្យ


